ភ្នំពេញ ៖ វិវាទដីធ្លីមួយករណីស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានសម្រុះសម្រួលនិងផ្សះផ្សាបញ្ចប់ដោយមេធាវី ត្រូវបានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ ពោលគឺមួយថ្ងៃបន្ទាប់ពីលោកស្រីមេធាវី លី រ៉ានាថ តំណាងឱ្យភាគីវិវាទបានដាក់ពាក្យស្នើសុំរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទមកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
នេះជាលើកទី១ដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចេញកំណត់ហេតុផ្សះផ្សាវិវាទដែលធ្វើឡើងដោយមេធាវី ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា(MOU)ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
