ភ្នំពេញ៖ ថ្ងៃទី១៨ កញ្ញានេះ ត្រូវនឹងថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះបើតាមការចេញផ្សាយព័ត៌មានលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤។
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ។
អត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ
ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖
ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ។
ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។
ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។
និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី