Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំហាន់ជ័យកន្លែងបារមីពូកែ ថ្ងៃដាក់បិណ្ឌទី២ មានមនុស្សម្នាច្រើនកុះករ

ខេត្តកំពង់ចាម: តំបន់រមណីយដ្ឋានបែបប្រវត្តិសាស្ត្រភ្នំហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម នៅថ្ងៃវេនដាក់បិណ្ឌទី២ គេសង្កេតឃើញមានមនុស្សម្នាក្មេងចាស់ ប្រុសស្រី មកលេងហ្នឹងយកចង្ហាន់ មកប្រគេនព្រះសង្ឃពីគ្រប់ទឹកទីដោយទឹកមុខស្រស់ញញឹម។
ដោយសារវត្តនេះមានបារមីពូកែ ត្រូវបានអាជ្ញាធរខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធបាននាំយកបច្ច័យនិងចង្ហាន់មកប្រគេនព្រះសង្ឃតាមគន្លងព្រះពុទ្ធសាសនា។

លោកតាធូ អ៊ន់ អាយុ៧៨ឆ្នាំគណៈកម្មការវត្តភ្នំហាន់ជ័យមានប្រសាសន៍ឲ្យដឹងថា: តាំងពីពេលដែលគាត់នៅកុមារភាពបានឃើញវត្តភ្នំហាន់ជ័យ មានទីតាំងស្ថិតនៅប្របតាមដងទន្លេមេគង្គពីសង្គមចាស់ គឺមានដើមឈើធំៗដុះច្រើនតាមដងផ្លូវនិងបរិវេណទីធ្លាវត្តមានម្លប់ត្រជាក់ត្រជុំ។ហើយមានប្រសាទបុរាណសាងសង់អំពិអិដ្ឋ ហើយស្ថិតនៅលើភ្នំ ជាមួយនោះមានរោងជាច្រើនសម្រាប់អង្គុយលេង ដើម្បីស្រូបយកខ្យល់ជំនោរបោកបាក់មកធ្វើឲ្យអារម្មណ៍ដែលមានទុក្ខព្រួយកង្វល់ត្រូវបានរសាយ។

គណៈកម្មការវត្តរូបនេះមានប្រសាសន៍បន្តថា នៅក្នុងឱកាសវេនដាក់បិណ្ឌទី២ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនៅព្រឹកថ្ងៃទី១៩កញ្ញា ឆ្នាំ២០២៤ បាននាំយកចង្ហាន់និងបច្ច័យប្រគេនដល់ព្រះគ្រូប៊ត់ តាំងឆេង ជាព្រះមេគណខេត្តនិងជាព្រះចៅអធិការវត្តភ្នំហាន់ជ័យ ជាមួយនោះបានចែកថវិកានិងក្រណាត់សដល់ចាស់ៗ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដាក់បិណ្ឌនេះ។ តាមការសង្កេតដោយផ្ទាល់ឃើញថាប្រជាពលរដ្ឋកម្ពុជាភាគច្រើនកាន់ព្រះពុទ្ធសាសនា  នៅគ្រប់ទិសទីបាននាំគ្នាយកចង្ហាន់មកប្រគេនព្រះសង្ឃតាមទំនៀមទម្លាប់ពីបុរាណ កាលរហូតមកដល់សព្វថ្ងៃ។ លោកតាគណៈកម្មការវត្តបានលើកឡើងថាព្រះអង្គធំនៅលើវត្តភ្នំហាន់ជ័យនេះគឺមានបារមីពូកែ ដោយអ្នកខ្លះដែលរៀបមង្គលការរួចមិនមានកូន បាននាំគ្នាមកបែរបន់សុំកូន ហើយក៏បានកូនដូចការប៉ងប្រាថ្នា ចំណែកអ្នកខ្លះទៀតបានប៉ងអ្វីផ្សេងគឺបានដូចចិត្ត ដោយហេតុដូច្នេះហើយទើបម្នាក់ៗ មានជំនឿនិងនាំគ្នាមកលេងវត្តភ្នំហាន់ជ័យ  ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ។សម្រាប់ទិដ្ឋភាពថ្ងៃដាក់បិណ្ឌពីរនេះគឺមានពុទ្ធបរិស័ទយកចង្ហាន់មកប្រគេនព្រះសង្ឃច្រើនកុះករ។

លោកតាធូ អ៊ន់ គណៈកម្មការវត្តភ្នំហាន់ជ័យ បញ្ជាក់ថា ចាប់តាំងពីពេលដែលកកើតទីអារាមភ្នំហាន់ជ័យនេះគឺព្រះចៅអធិការវត្តមានចំនួន៧ជំនាន់មកហើយរួមទាំងព្រះចៅអធិការវត្តសព្វថ្ងៃដែលជាព្រះមេគណខេត្ត។
ដោយសារតែកន្លែងនេះល្បីមានប្រាសាទបុរាណគឺមានភ្ញៀវបរទេសបាននាំគ្នាជិះកប៉ាល់ទេសចរណ៍ធ្វើដំណើរពីរាជធានីភ្នំពេញ តាមដងទន្លេឡើងមកឈប់អែបច្រាំង រួចក៏មានរថយន្តក្រុងដឹកបន្តឡើងមកលើភ្នំ ដើម្បីគយគន់មើលទេសភាពព្រមទាំងថតរូបពីការរីកចម្រើនក្នុងវត្តភ្នំហាន់ជ័យ ដើម្បីយកទៅផ្សព្វផ្សាយតាមបណ្ដាញសង្គម ក្នុងការទាក់ទាញភ្ញៀវបរទេសផ្សេងទៀតឱ្យមកលេងនៅរមណីយដ្ឋានភ្នំហាន់ជ័យ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×