Sunday, September 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនទាហានពាក់ស័ក្តិ៤ម្នាក់ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច និងបក្ខពួក៣នាក់ ករណីហិង្សា ព្រួតវាយចាប់ចងដៃទាំងកម្រោលលើយុវជន៣នាក់ នៅចំណុចមុខស្ថានីប្រេងរបស់ខ្លួន

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន (គី សឿន) អាយុ៤៨ឆ្នាំ ជាទាហានពាក់ស័ក្តិ៤ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ករណីនាំកូនប្រុស និងបក្ខពួកប្រមាណជិត១០នាក់ ជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជន៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ព្រួតគ្នាវាយ បណ្តាលឱ្យរបួស) ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីប្រេងសាវីមិច ស្ថិតភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៣:៣០នាទី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១. ឈ្មោះ តាំង សឿន ភេទប្រុស, ២. ឈ្មោះ សារ៉ូ អក្ករ៉ា ភេទប្រុស, ៣. ឈ្មោះ អាន់ សុខា ភេទប្រុស និង៤. ឈ្មោះ លុច្យ បុនលី ភេទប្រុស។

ក្រៅពីបុគ្គលឈ្មោះ តាំង សឿន កម្លាំងនគរបាលក៏បានឃាត់ខ្លួនបក្ខពួកចំនួន៣នាក់ផ្សេងទៀត ដែលពាក់ព័ន្ធករណីហិង្សានេះ។

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិចឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជនដែលជិះគ្នា៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។

បន្ទាប់ពីចាប់ចង និងព្រួតវាយរួច ឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួកបានចាប់យុវជន៣នាក់នេះ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ចថា ជាករណីយល់ច្រឡំ។ បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។

ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចហើយនោះ បុគ្គលឈ្មោះ តាំង សឿន បានបង្ខំឲ្យយុវជនទាំង៣នាក់ ដែលសុទ្ធតែជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿង មិនប្ដឹងផ្ដល់ជាមួយគេទៅវិញ ដោយមិនបានប្រាប់ទៅឪពុកម្តាយរបស់ពួកគេ។ ប៉ុន្តែដោយសារដឹងពីអំពើហិង្សាទាំងកម្រោល មិនខ្លាចច្បាប់ទម្លាប់បែបនេះ​ឪពុកម្តាយរបស់ក្មេងប្រុសទាំង៣នាក់ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល សង្កាត់ក្រាំងធ្នង់ ប៉ុន្តែមិនទាន់មានចំណាត់ការនោះឡើយ។

នៅក្នុងពាក្យបណ្តឹងនៅថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមយុវជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ពួកគេទាំង៣នាក់បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីទៅទិញបាយឆាហូប។ លុះពេលទៅលើមុខស្ថានីយប្រេងឥន្ធនៈសាវីមិចរបស់ជនបង្កឈ្មោះ តាំង សឿន ស្រាប់តែបុគ្គលនេះ និងបក្ខពួកជិះរថយន្ដ ម៉ូតូ ដេញបុកពួកគេទាំងកម្រោលតែម្ដង ដោយគ្មានហេតុ។

នៅពេលដេញបុក (មានវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព) ម៉ូតូរបស់ពួកគេបានដួល ហើយក្នុងចំណោម៣នាក់ មានម្នាក់រត់ឲ្យអ្នកភូមិជួយ និង២នាក់ទៀត ត្រូវក្រុមជនបង្កចាប់បាន រួចចងដៃ ដកទូរស័ព្ទ និងព្រួតវាយយ៉ាងដំណំ។ ប៉ុន្តែជនរងគ្រោះដែលរត់រួច ក៏ត្រូវក្រុមបង្កតាមទៅចាប់យកមកដល់ស្ថានីយ៍ប្រេង និងបានប្រើហិង្សាផងដែរ។ ក្រោយនាំមកដល់កន្លែងរបស់ខ្លួន ក្រុមជនបង្ក បានប្រគល់ពួកគេទៅឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសួរនាំ។ នៅពេលសមត្ថកិច្ចសួរនាំជនបង្កឈ្មោះ តាំង សឿន បានអះអាងថា ពួកគេវាយជនរងគ្រោះច្រឡំ និងបង្គាប់ឲ្យធ្វើកិច្ចសន្យាមិនប្ដឹងផ្ដល់ទៅវិញ។

ដោយសាររងនូវភាពអយុត្តិធម៌ពីការប្រើប្រាស់អំពើហិង្សាដែលបង្កដោយបុគ្គលឈ្មោះ តាំង សឿន ដែលមានតួនាទីជាមន្ដ្រីយោធាដែរនោះ ក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៣នាក់ បាននាំពួកគេទៅដាក់ពាក្យបណ្ដឹងវិញ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីឲ្យជួយអន្ដរាគមន៍កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×