Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរក្រសួងធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតាកែវ និងខេត្តកំពត ពិនិត្យវាយតម្លៃសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សាអន្តរក្រសួង ដើម្បីចុះពិនិត្យវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្ដានុពលឱ្យស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុនពេល ឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា សំដៅបង្កើនប្រសិទ្ធភាព និងសហថាមពល លើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទាំងបី បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពសិ្នទ្ធស្នាលជាមួយសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ក្នុងភូមិសាស្ត្រភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងចុះពិនិត្យទីតាំងអាងទឹកអូររំដួលដែលមានសភាពគោករាក់និងអាចស្ដុកទឹកបានត្រឹមតែប្រមាណ១០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ និងបន្តចុះពិនិត្យទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សូមជម្រាបថា សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ មានសមាជិកផ្លូវការចំនួន ១៥១គ្រួសារ និងមានផ្ទៃដីផលិតកម្មបន្លែចំនួន ៥ហិកតា ដែលមានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងខាត់ណាដើម ព្រមទាំងមានសមត្ថភាពផលិតបន្លែ ៣តោនក្នុងមួយថ្ងៃ។

ដោយឡែក ទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងខេត្តកំពត មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រភាគនិរតីនៃរាជធានីភ្នំពេញ មានទំនប់ប្រវែង ៤៥០០ម៉ែត្រ និងមានតួនាទីទទួលយកទឹកពីប្រភពទឹកជ្រោះភ្នំដំរី ជ្រោះអន្លង់វង់ ជួរភ្នំលះបង់ តាមរយ:ស្ទឹងភេ និងផ្ទៃរងទឹកភ្លៀងតាមជួរភ្នំខាងលើមកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ សរុបប្រមាណ ១២៥០ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ២៨០៧គ្រួសារ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សាអន្តរក្រសួងនាពេលនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី២ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ហើយដែលជាលទ្ធផលនៃកិច្ចប្រជុំបានព្រមព្រៀងជាគោលការណ៍លើបីចំណុចគឺ ទី១)រៀបចំលេខាធិការដ្ឋានក្រុមការងារត្រីវិស័យ(កសិកម្ម-ទឹក-ជនបទ) និងលក្ខខណ្ឌការងារ ទី២)ឯកភាពលើលក្ខខណ្ឌវិនិច្ឆ័យរួមសម្រាប់ការកំណត់ទីតាំងក្នុងការចុះអនុវត្តការងាររួមគ្នា ក៏ដូចជាជំហានបន្ទាប់ ដែលបានស្នើឡើងដោយក្រុមការងារត្រីវិស័យ(កសិកម្ម-ទឹក-ជនបទ) និងទី៣)ចុះធ្វើការវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្តានុពលឱ្យស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុននឹងឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

default
spot_img
×