ភ្នំពេញ៖ ពិធីអបអរសាទរ សម្រាប់ជើងយន្តហោះដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជាជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិននៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងចំណោមផលិតផលគ្រាប់ស្វាយចន្ទី ដែលបានបញ្ជាទិញចំនួន ២០០ តោន ក្នុងមួយឆ្នាំពីខេត្តហឺណាន ដោយពេលនេះ កម្ពុជា សម្រេចជោគជ័យហើយ ក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅប្រទេសចិនជាលើកដំបូងចំនួន ២ តោន នៃផលិតផលគ្រាប់ស្វាយចន្ទី ដែលបានបញ្ជាទិញចំនួន ២០០ តោន ក្នុងមួយឆ្នាំនេះ ។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីអបអរសាទរនេះថា សមិទ្ធិផលនេះ កើតមានឡើង បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន ២ លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាមានក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)។
ឯកឧត្តម ងិន ឆាយ មានប្រសាសន៍ថា តាមផែនការ ទីផ្សារខេត្តហឺណាន ទិញផលិតផលគ្រាប់ស្វាយចន្ទីពីកម្ពុជាចំនួន ២០០ តោន ក្នុងមួយឆ្នាំ ហើយនេះគឺជាលើកដំបូងក្នុងការនាំចេញបាន ២ តោន ហើយជារៀងរាល់សប្ដាហ៍ កម្ពុជានឹងបញ្ជូនគ្រាប់ស្វាយចន្ទីតាមជើងហោះហើរ។
សមិទ្ធិផលនេះ កើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយការដាក់ចេញគោលនយោបាយ ការណែនាំ និងដោយមានការអនុវត្តតាមដោយយ៉ាងយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ ឬការតម្រូវរបស់រដ្ឋាភិបាលចិន ឬពីសំណាក់អ្នកបញ្ជាទិញក្នុងប្រទេសចិន។
គួរបញ្ជាក់ថា បើយោងតាមសមាគមស្វាយចន្ទីកម្ពុជាគិតចាប់ពីខែមករា ដល់ខែសីហា រយៈពេល៨ខែនៃឆ្នាំ២០២៤នេះ ការប្រមូលផលស្វាយចន្ទី កម្ពុជា សម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះ បាននាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ៕