ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងទឹកប្រាក់ចំនួន ៧.៩៨៨លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៤,៣លានដុល្លារអាម៉េរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ ជំហានទី២ ដែលជាកញ្ចប់ឥណទានទី៣។
សូមជម្រាបថា កញ្ចប់ឥណទានទី៣ គឺជាហិរញ្ញប្បទានបំពេញបន្ថែមសម្រាប់ការងារសាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី បន្តបន្ទាប់ទៀត ដែលតភ្ជាប់ទៅតំបន់ច្បារអំពៅ។
ឯកឧត្តមរដ្ឋលេខាធិការ រស់ សីលវ៉ា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន និង គ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច កម្ពុជា ដែលបានបន្តផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅនៃកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ ជំហានទី២ មានគោលបំណងពង្រឹង ស្ថេរភាព និងពង្រីកសមត្ថភាពក្នុងការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ តាមរយៈការសាងសង់អនុស្ថានីយអគ្គិសនីថ្មី, ការសាងសង់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីអាកាសតង់ស្យុងខ្ពស់, និងការសាងសង់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីបង្កប់ក្រោមដីតង់ស្យុងខ្ពស់ និងមធ្យម ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវអនុស្ថានីយអគ្គិសនី ដែលមានស្រាប់ផងដែរ៕