ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ ទៅរាជធានីភ្នំពេញ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ ។
សម្រាប់បងប្អូនដែលមានបំណងធ្វើដំណើរទៅខេត្តសៀមរាប គឺទីតាំងចំណតចេញដំណើរពីភ្នំពេញ ទៅខេត្តសៀមរាប ស្ថិតនៅទីតាំងចំណតដីឡូតិ៍តំបន់ OCICជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)។
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១៣៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និងការដឹកជញ្ជូនពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតរួមមាន ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCICជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៤ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបវិថីសម្តេច វិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។
ជាមួយគ្នានេះ ការចេញដំណើរពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញវិញ តាមពេលវេលា និងទីកន្លែង ដូចជា៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ចេញដំណើរនៅវេលាម៉ោង ១៤:៣០ នាទី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ហើយដោយឡែក ការចេញដំណើរនៅរៀងរាល់ម៉ោង ៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត), ដោយចេញដំណើរ ពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប នៅវិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)រាជធានីភ្នំពេញ៕