តំបន់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេសនៅខេត្តមណ្ឌលគិរី បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពោរពេញទៅដោយសក្ដានុពលធម្មជាតិដ៏សម្បូរបែប ដែលភ្ញៀវទេសចរចាប់ផ្ដើមពេញនិយមទៅទស្សនាកម្សាន្តទីនោះ។
ក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានដឹកនាំក្បួនរថយន្តជាច្រើនគ្រឿង ធ្វើដំណើរទៅកម្សាន្ត និងពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី។ ដំណើរកម្សាន្តក្រុមរថយន្ត OFF ROADនេះ ឆ្លុះបង្ហាញឲ្យឃើញពីសក្ដានុពលធម្មជាតិយ៉ាងទាក់ទាញ ជាមួយនិងវិធានការពារសុវត្ថិភាពជូនភ្ញៀវទេសចរយ៉ាងល្អពីសំណាក់កងកម្លាំងការពារព្រំដែននៅទីនោះ។
លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានអំពាវនាវដល់អ្នកទេសចរទាំងអស់ ដែលមកកម្សាន្តខេត្តមណ្ឌលគិរី សូមសាកល្បងមកកម្សាន្តតាមបន្ទាត់ព្រំដែន ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រោះតំបន់នេះ ពោរពេញទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងមានជម្រើសសម្រាប់ការកម្សាន្តគួរឲ្យចាប់អារម្មណ៍។
បើតាមលោក ទូច រស្មី លោកបន្តថា ក្នុងដំណើរកម្សាន្តមកកាន់តាមបន្ទាត់ព្រំដែន ភ្ញៀវទេសចរអាចចូលទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា បន្ទាប់មកបានឆ្លងកាត់តំបន់ទេសចរណ៍ភ្នំណាមលៀរ ដែលជាភ្នំថ្មម៉ាបធំបំផុតរបស់ខេត្តមណ្ឌលគិរី និងស្រស់ស្អាតខ្លាំង និងមានសក្ដានុពលធម្មជាតិយ៉ាងទាក់ទាញបំផុត៕