Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំ ស្តីពី ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្ធ ធ្វើឡើងតាំងពីបរមបុរាណយូរលង់ណាស់មកហើយ។ ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ១៤-១៥កើត និងថ្ងៃ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយអបអរសាទរតាមប្រពៃណីជាតិ ដោយមាន ការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីបុរាណ-សម័យ និងសម្តែងសិល្បៈទាំង៣រាត្រី។

យោងផែនការណែនាំលេខ ១២/២០២៤ គជបអ ចុះថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ ឱ្យបានមហោឡារិក អធិកអធម ស្របតាមប្រពៃណីជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ៖

លើកទង់ជាតិ ទង់សាសនា ចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាម បណ្តាអង្គភាព និងទីតាំងរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យ ឱ្យបានអធិកអធម សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំ រចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង។ សម្រាប់ទីតាំងអាជីវកម្មដែលមានសួនច្បារ សូមបាញ់ ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភណភាព ឱ្យកាន់តែស្រស់ស្អាត។

រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវ៖ – ធ្វើការណែនាំដល់មូលដ្ឋានដែលមាន ទូក ង និងទូកមួង “ទូកអុំ និងទូកចែវ” ឱ្យធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកណាដែលមានចំណុះពី ១៨ខ្ទង់ឡើងទៅ ហើយជាប្រភេទទូកដែលមានល្បឿនលឿន និង មានលក្ខណៈសមស្រប ព្រមទាំងត្រូវចាត់តាំងរៀបចំប្រវត្តិរូបសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាម អ្នកអុំ-អ្នកចែវឱ្យបានច្បាស់លាស់ ដោយត្រូវជ្រើសរើសអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះ ហែលទឹកស្ទាត់ជំនាញ រួចធ្វើទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យបានមុនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារៈបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេស ត្រូវរៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលរៀបចំព្រះរាជពិធីបុណ្យ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមក្នុងព្រះរាជពិធីបុណ្យ ប្រកបដោយសុវត្ថិភាព និងភាពសប្បាយ រីករាយនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍នៅតំបន់គោលដៅ ដែលមានការកកស្ទះខ្លាំង ទប់ស្កាត់បង្ការបទល្មើស និងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្ត ពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះបន្ទាន់នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុ។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និង វិស័យឯកជន ត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×