Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមជា វុទ្ធី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគមកពីខេត្ត Yunnan គិតគួរពីការវិនិយោគកែច្នៃកសិផលកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគមកពីខេត្ត Yunnan ប្រទេសចិន ដឹកនាំដោយលោក Liu Jie អនុប្រធាមន្ទីរពាណិជ្ជកម្មនៃ ខេត្ត Yunnan ប្រទេសចិន។ សមាសភាពគណៈប្រតិភូក្រុមហ៊ុនទាំងនោះមានសកម្មភាពវិនិយោគក្នុងវិស័យ ថាមពល, បច្ចេកវិទ្យាឌីជីថល, ពាណិជ្ជកម្មអេឡិចត្រូនិក, កសិកម្ម និងកសិ ឧស្សាហកម្ម ផលិតកម្មម្ហូបអាហារ និងការផ្តល់សេវាប្រឹក្សាពាក់ព័ន្ធនឹងការវិនិយោគ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈ ប្រតិភូមកពីខេត្ត Yunnan ប្រទេសចិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយ ផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរ ពេញដោយភាពអំណោយផល។ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាពេលនេះដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន ជាសមាជិក ផ្តោតលើកិច្ច សហប្រតិបត្តិការអាទិភាពមួយចំនួន ដែលក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួជាអ្នកដឹកនាំសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន និងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត។ មួយវិញទៀត ផ្តើម ចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និង បច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ” ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះផង ដែរ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ នឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន រួម ជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើការកត់សម្គាល់ពីកំណើន ខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Liu Jie ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈ ប្រតិភូ ព្រមទាំងបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា និងព័ត៌មានស្តីពីបច្ចុប្បន្នភាព នៃកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងវិស័យវិនិយោគ និងសេដ្ឋកិច្ច។ លោក Liu Jie មានជំនឿជឿជាក់ថាបន្ទាប់ពីបានស្តាប់ប្រសាសន៍របស់ឯកឧត្តមអគ្គលេខាធិការ គណៈប្រតិភូនឹងមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជាទៅតាមវិស័យរៀងៗខ្លួន។ លោកប្រធានគណៈប្រតិភូបានបន្ថែមទៀតថា ទស្សនកិច្ចមកកម្ពុជាលើកនេះក៏មានបំណងចូលរួមផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិនមកកម្ពុជា ពិសេស ការវិនិយោគមកពីខេត្ត Yunnan ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវសេចក្តីត្រេកអរជាពន់ពេកចំពោះការយកចិត្ត ទុកដាក់របស់ភាគីមិត្តក្នុងការចូលរួមផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជាដល់វិនិយោគិនចិន ពិសេស វិនិយោគិនមកពីខេត្ត Yunnan។ ទន្ទឹមនឹងនេះឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិត គួរពីការវិនិយោគកែច្នៃកសិផលកម្ពុជាសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ តាមរយៈការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×