Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលបារី ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោល បន្ទាប់ពីបង្ក្រាបបាន

ភ្នំពេញ: នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”ក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលបារី មិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួន ៣៤៦ កេសទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ផលិតផលបារីដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានកន្លងមក និងយកទៅបំផ្លាញចោលនេះ ធ្វើឡើងក្នុងប្រតិបត្តិការដូចភ្លៀងរលឹម ក្រោមការណែនាំជាប្រចាំពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផលិតផលប្រកបដោយគុណភាព សុវត្ថិភាព។

អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផលទំនិញ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ពីប្រទេសនាំចេញ ដោយត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវស្របទៅតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅតាមច្បាប់ និងទបប្បញ្ញត្តិជាធរមាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×