Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍គយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅត្រីមាសទី៣ ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញទំនិញមានតម្លៃ កើនឡើងប្រមាណ ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅត្រីមាសទី៣ ឆ្នាំ២០២៤នេះ  កម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ១៩,៨ ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយ ពីចំនួន ១៦,៩ ពាន់លានដុល្លារ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។

របាយការណ៍បានបង្ហាញថា ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាក៏បាននាំចូលទំនិញដែលមានតម្លៃ ២១ពាន់លានដុល្លារផងដែរ ដោយបានកើនឡើង ១៥,៩ ភាគរយធៀបនឹងឆ្នាំមុន។

សហរដ្ឋអាមេរិក ចិនវៀតណាម និង ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសកម្ពុជា។ ក្នុងនោះ សហរដ្ឋអាមេរិក ជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ៧,៦ ពាន់លានដុល្លារ ឬស្មើនឹង ៣៨ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។

ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការនាំចូលពីកម្ពុជាឈានដល់ ២,៧ ពាន់លានដុល្លារ កើនឡើង ៣៣,៨ ភាគរយ។ បន្ទាប់មកគឺការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ១,២៧ ពាន់លានដុល្លារ កើនឡើង ២០ភាគរយ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ការកើនឡើងនៃពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូពាណិជ្ជ គឺតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយចិន និងកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលបានរួមចំណែកដល់កំណើនទាំងនេះ។

វិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ គឺជាវិស័យរកចំណូលធំបំផុតមួយសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រប្រហែល ១៣០០ ដែលផ្តល់ការងារងារដល់កម្មករប្រមាណ ៨៥០.០០០ នាក់ ហើយភាគច្រើនជាស្ត្រី។

គួរបញ្ជាក់ថា ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាមានដូចជា៖ សម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ផលិតផលស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ បន្លែ​ផ្លែឈើ និងវាយនភណ្ឌ ខណៈការនាំចូលទំនិញសំខាន់របស់កម្ពុជាវិញ រួមមាន៖ ថ្នាំពេទ្យ អាហារ ភេសជ្ជៈ និងគ្រឿងប្រើប្រាស់ជាដើម៕

×