Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

‘តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍក្នុងសម័យរដ្ឋាភិបាលឌីជីថល’

ភ្នំពេញ ៖ ក្រុមមេធាវី អាស៊ី កម្ពុជា សហការជាមួយសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា “CIDA” បានរៀបចំសិក្ខាសាលាស្តីពី ‘‘តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍក្នុងសម័យរដ្ឋាភិបាលឌីជីថល’’ ក្រោមការឧបត្ថម្ភរបស់ មេធាវីបញ្ចកោណ និងក្រោមកិច្ចគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnome Penh Phokeetra Hotel) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាប្រធានក្រុមមេធាវី អាស៊ី កម្ពុជា, ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទាដោះ ស្រាយក្រៅប្រព័ន្ធតុលាការ តំណាងក្រសួងយុត្តិធម៌ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ប្រធានបទចំនួន ០៥ ត្រូវបានលើកយកមកធ្វើបទបង្ហាញរួមមាន៖ (១) ‘‘តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលឌីជីថល’’ ដោយ ឯកឧត្តមបណ្ឌិត ឥន យឿន ជាមេធាវី, ជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី, (២) ‘‘តួនាទីមេធាវីនៅក្នុងសំណុំរឿងក្ស័យធន’’ ដោយ ឯកឧត្តម អ៊ុក រី ជាមេធាវី ជាអភិបាលបណ្តោះអាសន្ន, ជាអាជ្ញាកណ្តាលការងារ, និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់, (៣) ‘‘តួនាទី និងភារកិច្ចរបស់មន្ត្រីគរបាលយុត្តិធម៌’’ បទបង្ហាញដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ, (៤) ‘‘ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ’’ បទបង្ហាញដោយលោក យន់ សុវណ្ណារ៉ា ជាប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេស និងកិច្ចការច្បាប់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, (៥) ‘‘ការប្រើប្រាស់ឧបករណ៍ Ai សម្រាប់ផ្នែកច្បាប់បែបការងារទំនើប’’ បទបង្ហាញដោយ លោកបណ្ឌិត ឡាយ គិរី ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរៀន អេ អាយ ម.ក និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជា។

ថ្លែងក្នុងឱកាសនៅក្នុងកម្មវិធីសិក្ខាសាលា លោកជំទាវ សេង វួចហ៊ុន បានលើកឡើងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការផ្តាស់ប្តូរយោបល់ ការចែករំលែកចំណេះដឹង បទពិសោធន៍ការងារ អំពីតួនាទីសំខាន់ៗរបស់មេធាវីក្នុងប្រព័ន្ធយុត្តិធម៌ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងស្របតាមយុត្តិសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១ មុំទី៤ ទិសដៅការងារ ២០២១ ដល់ ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តនូវតួនាទី និងភារកិច្ចរបស់មេធាវីឱ្យសមស្របក្នុងសម័យកាលរដ្ឋាភិបាលឌីជីថល។ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងឳកាសប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវីនៃគណៈមេធាវី សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ‘‘គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាគឺជាស្ថាប័នដ៍សំខាន់ និងថ្នាក់ដឹកនាំត្រូវមានសម្ថភាពវិជ្ជាជីវៈខ្ពស់ មានភាពជាអ្នកដឹកនាំល្អ ប្រកបដោយគុណធម៌ និងបុរេសកម្មជានិច្ច’’ ។ ឯកឧត្ភម យ៉ម ផារ៉ូត ក៍បានលើកឡើងផងដែរថា សិក្ខាសាលានេះបានចែករំលែកចំណេះដឹង និងបទពិសោន៍អំពីតួនាទីដ៏សំខាន់របស់មេធាវីក្នុងការជួយពង្រឹងវិស័យយុត្តិធម៌ និងលើកកម្ពស់នីតិរដ្ឋ ស្របតាមយុត្តិសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុតិ្តធម៌ និងពង្រឹងគោរណការណ៍នីតិរដ្ឋ។ មិនតែប៉ុណ្ណោះ អង្គសិក្ខាសាលានេះ ពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើន និងចូលរួមចំណែកដល់ការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹងកាន់តែច្បាប់អំពីតួនាទីសំខាន់ៗរបស់មេធាវី និងប្រព័ន្ធឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២ ដល់ ២០២៥ តាមចក្ខុវិស័យ ‘‘ការករសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ’’។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន ក៍មានប្រសាសន៍បន្ថែមផងដែរថា មេធាវី គឺជាឆ្អឹងខ្នងនៃគ្រប់ប្រព័ន្ធច្បាប់ទាំងអស់ ដោយបានដើរតួរជាអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌ និងជាអ្នកការពារសិទ្ធិរបស់បុគ្គល។ មេធាវីត្រូវ ធានា ថា ដំណើរការរឿងក្តីក្នុងតុលាការ ដំណើរការ ដោយ យុត្តិធម៌ និង សុចរិតភាព។ មិនត្រឹមតែប៉ុណ្ណោះ ការប្តេជ្ញាចិត្ត របស់ មេធាវី ក្នុងការលើកកម្ពស់នីតិរដ្ឋ ក៏ជាផ្នែកមួយដែលបានជួយពង្រឹងនូវទំនុកចិត្តសាធារណៈ មកកាន់ស្ថាប័នច្បាប់របស់យើង ជាពិសេស ពង្រឹងតម្លៃនៃយុត្តិធម៌ សមភាព និងគណនេយ្យភាព។ តាមរយៈ ការពិភាក្សាថ្ងៃនេះ ពិតច្បាស់ណាស់ថា មេធាវីត្រូវតែបន្តអភិវឌ្ឍន៍ជំនាញ និងបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្តរួមចំណែកប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ទាំងមូល។

នៅក្នុងពិធីសិក្ខាសាលានេះផងដែរ ក៍មានការបង្ហាញជូនអំពីសៀវភៅ និងកម្រងវីដេអូ ‘‘ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន’’ ដែលបានបង្ហាញជូនដោយលោក សាំង សុង ជាសមាជិកគណៈ កម្មការនិពន្ធ តំណាងឱ្យ ឯកឧត្តម មាស សុខុន ជាប្រធានគណៈកម្មការនិពន្ធ។
មិនត្រឹមតែប៉ុណ្ណេះ កម្មវិធីក៏បានបង្ហាញជូននូវផ្ទាំងទស្សនីយភាពនៃការសម្ដែងជូនទស្សនានូវរបាំប្រពៃណីជាតិខ្មែររួមមាន របាំភួងនារី, របាំគោះត្រឡោក និងរបាំសុវណ្ណមច្ឆា ដោយក្រុមរបាំនៃសាលារបាំនរោត្ដមបុប្ផាទេវី ។
ចុងបញ្ចប់នៃកម្មវិធី គឺជាកម្មវិធីពិសារអាហារហារសាមគ្គី អបអរសារទរចំពោះ មេធាវី សេង វួចហ៊ុន ជាបេក្ខភាពប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥ លេខរៀងទី២ និងអបអរសាទរចំពោះបេក្ខភាពក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដែលមានលេខរៀងចាប់ពី ៣២ ដល់ ៥៩ ប្រកបដោយសោមនសរីករាយ និងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ។ កម្មវិធីក៏មានការអញ្ចើញចូលរួមពីសំណាក់ ព្រះសង្ឃ, មេធាវី, អ្នកវិជ្ជាជីវៈច្បាប់, ធុរៈជន, មន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ(ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, សភាណាណិជ្ជកម្ម) សាធារណៈជន សិស្សនិស្សិត ព្រមទាំងក្រុមការងារនិងសិស្សនិស្សិត អ.ម.ត សរុបប្រមាណជាង ៥០០ នាក់ ៕

×