Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យពិនិត្យលទ្ធភាពរឿងផ្លូវដែកឲ្យបានឆាប់ ដើម្បី​​តភ្ជាប់ ព្រោះវាជួយច្រើន​ក្នុង​ការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃកម្ពុជាចូល​ជា​សមា​ជិក​អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា «ផ្លូវដែក ឥឡូវយើងមានមួយចំហៀងពីជើងទៅត្បូង ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីចរចារគ្នាឱ្យបាន MOU យ៉ាង​យូរ​ចុងឆ្នាំនេះ ព្រោះយើងកកស្ទះ គាំងរាប់សិបឆ្នាំមកហើយ ហើយយើងមិនអាច​ទុកតទៅ​ទៀត​ទេ ត្រូវពង្រឹង ទៅថ្ងៃមុខយើង​អាច​ពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញទៅទិសខាងកើត ដើម្បី​​តភ្ជាប់ ព្រោះវាជួយច្រើន​នៅក្នុង​ការដឹកជញ្ជូន កាត់បន្ថយការចំណាយ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងសាធារណការ និងដឹក​ជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុ​ស្សា​​រណៈនៃការយោគយល់គ្នា (MOU) លើការអភិវឌ្ឍផ្លូវដែក នៅត្រឹមដំណាច់ឆ្នាំ ២០២៤ ដើម្បី​​​​កាត់​បន្ថយកា​រចំណាយលើការដឹកជញ្ជូន។

កម្ពុជាមានផ្លូវដែក ២ ខ្សែ ដែលមួយខ្សែចេញពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៨៦ គីឡូម៉ែត្រ និងមួយខ្សែទៀត ចេញ​ពី​​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ មានប្រវែង ២៦៦ គីឡូម៉ែត្រ។ បច្ចុប្បន្ន​សមត្ថភាព​ដឹក​ជញ្ជូន​ទំនិញ​តាម​រថភ្លើង​ ​ធ្វើ​បាន​តែ​ក្នុង​រង្វង់​​ ៦ ឬ ៧​ភាគរយ​នៃ​ទំនិញ​ទាំង​អស់​ដែល​ដឹក​ទៅ​កំពង់​ផែ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ក្នុងរយៈពេលមធ្យម កម្ពុជាមានគម្រោងអភិវឌ្ឍន៍​ផ្លូវដែក​ចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និង​តភ្ជាប់​ព្រលានយន្តហោះអន្តរជាតិខេត្ត​សៀម​រាប ទៅកាន់ក្រុងសៀមរាប។

សម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ចំនួន​ ៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយ​ប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាម​កំពង់​ធំ និងសៀមរាប៕

×