នៅចំណុចភ្នំជន្លួញ ក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មានការដាក់រំសេវបំផ្ទុះយកថ្មភ្នំខុសបច្ចេកទេស បណ្តាលឲ្យមនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល និងគោងាប់២ក្បាល។
មន្ត្រីជំនាញ អាជ្ញាធរ រួមទាំងជំនាញពាក់ព័ន្ធបានចុះសួរសុខទុក្ខគ្រួសាររងគ្រោះ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ និងពិនិត្យស្រាវជ្រាវរកមូលហេតុដែលបង្កឱ្យកើតហេតុការណ៍នោះ។
មន្ត្រីនគរបាលស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងថា មនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល ហើយបំណែកថ្មបានហើរខ្ទាតត្រូវចំសត្វគោរបស់អ្នកភូមិបណ្តាលឱ្យងាប់ចំនួន ២ក្បាលផងដែរ។ អ្នកបំផ្ទុះរំសេវបានសារភាពថា ករណីនេះគឺបណ្តាលមកពីការខួងដាក់រំសេវខុសបច្ចេកទេស។ ទាក់ទងនឹងករណីខាងលើ ក្រុមហ៊ុនបានទទួលខុសត្រូវក្នុងការទូទាត់សំណងជូនក្រុមគ្រួសាររងគ្រោះទាំងនោះ ហើយសន្យាថានឹងមិនឱ្យករណីបែបនេះកើតមានជាថ្មីទៀតឡើយ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនោះ បានបញ្ជាក់ថា ក្រុមហ៊ុនបំផ្ទុះយកថ្មនេះ បានធ្វើសកម្មភាពយូរមកហើយ។ ចំណែកឯការជូនដំណឹងមុនពេលបំផ្ទុះមិនមានភាពច្បាស់លាស់ ធ្វើឱ្យពួកគាត់ភ័យខ្លាច ទោះបីលំនៅស្ថានរបស់គាត់នៅចម្ងាយប្រហែល ៣០០ម៉ែត្រពីជើងភ្នំ ក៏បំណែកថ្ម បានហោះនិងធ្លាក់ដល់ ធ្វើឲ្យប៉ះពាល់ជាញឹកញយដែរ៕
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងអាជីវកម្មបំផ្ទុះថ្មភ្នំខាងលើ មិនទាន់ដឹងបានថា ទីតាំងនោះ មានអាជ្ញាប័ណ្ណត្រឹមត្រឹមត្រូវ ឬយ៉ាងណានោះទេ ដោយលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត បានឆ្លើយតបនារសៀលថ្ងៃទី១៥ ខែតុលា នេះថា លោក និងមន្ត្រីជំនាញសុំធ្វើការងារសិន៕