អតិថិជនស្រីជនជាតិចិន២នាក់ នៅហាងទំនិញរួចពន្ធ (duty-free shop) មួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានផ្ទុះជម្លោះនឹងគ្នាយ៉ាងខ្លាំក្លា បន្ទាប់ម្នាក់ក្នុងចំណោមពួកនាង ត្រូវបានដឹងថា បានសម្រេចចិត្តដើរចូលកាត់មុខគេនៃជួរឈររង់ចាំ ។
សាក្សីម្នាក់ដែលបានថតការវាយតប់គ្នានេះ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ (២១ សីហា) ស្ថិតនៅជាន់ទី១២ នៅក្នុងផ្នែកគ្រឿងសម្អាងរបស់ហាង Lotte Duty-Free នៅក្នុងស្រុក UIjiro នៃទីក្រុងសេអ៊ូល ។
ក្នុងវីដេអូឃ្លីប ស្ត្រីទាំងពីរត្រូវបានឃើញទាញបោចសក់គ្នា និងក្រញៅគ្នានៅលើកម្រាល ខណៈអ្នកឈរមើលជាច្រើន ត្រូវបានឃើញសម្លឹងមើលក្នុងភាពរន្ធត់ ។
បុរសម្នាក់ ដែលត្រូវបានជឿថាជាប្តីរបស់ស្ត្រីម្នាក់ ក្នុងចំណោមពួកនាងទាំងពីរ បន្ទាប់មក ត្រូវបានឃើញស្ទុះលើកជើងធាក់២ជើងយ៉ាងពេញទំហឹង ទៅលើក្បាលស្ត្រីម្នាក់ស្លៀកខោខូវប៊យត្រឹមភ្លៅ ។
បុរសនោះបានស្រែកដាក់មនុស្សមួយចំនួន ដែលកំពុងព្យាយាមចូលអន្តាគមន៍ថា៖ «នាងម្នាក់នេះកំពុងសម្លុតគំរាមមកលើប្រពន្ធរបស់ខ្ញុំ» ។
អ្នកមើលមួយចំនួននិយាយថា៖ «ឈប់វាយគ្នាទៅ! ឈប់វាយគ្នាទៅ!» ។
យោងតាមបុគ្គលិកម្នាក់នៅហាងលក់ទំនិញខាងលើ, សន្តិសុខផ្សារបានមកដល់ ប្រហែល ៥ នាទី បន្ទាប់ការវាយតប់គ្នានេះបានផ្ទុះឡើង ។ ស្ត្រីបុគ្គលិកនោះក៏បានបញ្ជាក់ទៅកាន់ MailOnline ថា ការវាយតប់គ្នានេះបានចាប់ផ្តើម ដោយសារស្ត្រីម្នាក់បានចូលកាត់មុខក្នុងជួរអតិថិជន ។
អ្នកលេងអ៊ិនធើរណែតចិន បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះអ្នកឡើងផ្សារទាំងនេះ ដោយអ្នកខ្លះបានហៅពួកគេថា «ជាមនុស្សបង្កភាពអាម៉ាស់មួយដល់ប្រទេសចិន» ។
អ្នកខមិនម្នាក់បានសរសេរថា៖ «មនុស្សទាំងនេះគួរតែត្រូវបានព្រមានមិនឲ្យធ្វើដំណើរទៅកន្លែងណាផ្សេងទៀតឡើយ!» ៕ ចន្ទី (nextshark)