ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗចំនួន ២ រួមមាន៖
ទី១. សេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ទី២. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
ខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មាន៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបាន រៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយ អាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បី ឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បី សម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយ ក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះ បន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។
នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល ត្រូវជា ១៨,១៤% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះ ចំណាយចរន្ត ២៦ ០៥៤ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល។ យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល ៥១ ៣៩៨លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា
ដុល្លារអាម៉េរិក។ ការរំពឹងទុកនៃកំណើន ៦.៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យ ឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹង កើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។
ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព របស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេច បានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។ អាទិភាព ចំណាយថវិកាឆ្នាំ២០២៥ គឺឆ្លើយតបនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ននានា ជាពិសេស ការផ្សារភ្ជាប់នូវការអនុវត្តការងារប្រចាំថ្ងៃទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលនឹង រួមចំណែកសម្រេចគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាពិសេសការបង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ចដែលមានស្រាប់ និង អនុវិស័យពាក់ព័ន្ធ ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ការរៀបចំខ្លួនសម្រាប់ឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ដទៃទៀត និងការកែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តរបបគាំពារសង្គម ដោយឈរលើគោលការណ៍ប្រសិទ្ធភាព សមធម៌សង្គម ចីរភាព និងភាពអាចទ្រទ្រង់បាននៃថវិកា។
២. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មាន ៣ជំពូក និង ២២មាត្រា។ ថវិកាឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសការបន្តអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និងធានាដល់ជោគជ័យនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបន្តនិរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋ និងការសម្រេចឱ្យបាននូវគោលដៅសំខាន់២ នៃកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។
ឆ្នាំ២០២៣ ជាឆ្នាំពិសេស ពោលគឺជាឆ្នាំអន្តរកាលនៃការផ្លាស់ប្តូររាជរដ្ឋាភិបាលពីនីតិកាលទី៦ មកនីតិកាល ទី៧ នៃរដ្ឋសភា តាមរយៈការបោះឆ្នោតសកលដែលបានរៀបចំឡើងឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តម្លាភាព និងទទួលយកបានជាអន្តរជាតិ និងជាឆ្នាំអន្តរកាលនៃការអនុវត្ត “យុទ្ធត្រូវចតុកោណ ដំណាក់កាលទី៤” – ដែលជាដំណាក់កាលចុងក្រោយបន្ទាប់ពីសម្រេចលទ្ធផលដ៏ជោគជ័យនូរនេះពេលកន្លងទៅ មកកាន់ការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាឆ្នាំដំបូង និងដំណាក់កាលដំបូង សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
នៅឆ្នាំ២០២៣ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមាន ៥% គឺថយចុះជាងឆ្នាំ២០២២ បន្តិច ដោយសារការ ថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេសវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និង ភាពមិនប្រាកដប្រជានៃបរិការណ៍សកល និងតំបន់។ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ២ ៣៨៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ ដល់ប្រមាណ ២ ៥២០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈអតិផរណាប្រចាំឆ្នាំ ស្ថិតក្នុងរង្វង់ ២,១%។ សេចក្តីព្រាងច្បាប់នេះបង្ហាញថា នៅឆ្នាំ២០២៣ ចំណូលថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តបានចំនួន ៣៨ ៧០១ ៩៧៦,៥លានរៀល ស្មើនឹង ២១,៨៦% នៃ ផ.ស.ស. ហើយស្មើនឹង ៩៥,៥% នៃច្បាប់ហិរញ្ញវត្ថុ។ ចំណែកការអនុវត្តចំណាយវិញ នៅឆ្នាំ២០២៣ ការចំណាយថវិការដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មានចំនួន ៣៨ ៣៥៥ ៥០៣,១លានរៀល ស្មើនឹង ២១,៦៧% នៃ ផ.ស.ស. ស្មើនឹង ៩១,៨% នៃច្បាប់ហិរញ្ញវត្ថុ។
៣. បញ្ហាផ្សេងៗ៖
- សម្តេចធិបតី បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។
- សម្តេចធិបតី បានណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និង នីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគ និង វិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។
- សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុង អំឡុងពេល ព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ឱ្យបានទូលំទូលាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី