រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី ២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង និងសួនចន្ទឆាយ៉ា ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីមិទ្ទិញមហាជន នៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង។
ដើម្បីឱ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ជុំវិញទីតាំងប្រារព្ធព្រះរាជពិធីខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន
ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី