ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ជំរុញឱ្យមានការបង្កើនបរិមាណជំនាញមគ្គុទេ្ទសក៍ទេសចរណ៍ កាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរនៅឆ្នាំ២០២៥។ លោកបន្តថា គិតមកទល់បច្ចុប្បន្ន កម្ពុជាមានអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ ដោយផ្ទាល់ ប្រមាណ៦២ម៉ឺននាក់ ដោយក្នុងនោះមគ្គុទ្ទេសក៍ទេសចរណ៍ មានប្រមាណ៥.០០០នាក់ ដែលមិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសចរ។
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៣ និងថ្នាក់តំបន់ភ្នំពេញ ជំនាន់ទី១៧ ចំនួន ១០៦រូប អមដោយពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ ជំនាន់ទី១៩ ដែលមានអ្នកចូលរួមប្រមាណ ២៥០នាក់។ លោករដ្ឋលេខាធិការ បានកោតសសើរដល់សិក្ខាកាមជ័យលាភី ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល ៦ខែ (ផ្នែកទ្រឹស្តីរយៈពេល ៤ខែ និងចុះកម្មសិក្សាស្រាវជ្រាវ ២ខែ) ហើយបានឆ្លងកាត់ការប្រឡង វាយតម្លៃលទ្ធផលសិក្សា ជាប្រចាំរហូតទទួលបានលទ្ធផលស្ថាពរនាពេលនេះ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមាន ប្រសាសន៍ថា ការជំរុញបន្ថែមនេះ គឺដើម្បីត្រៀមឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែល នឹងកើនឡើងរហូតដល់១០លាននាក់នៅឆ្នាំ២០២៥ ដែលនឹងអាចបង្កើតការងារផ្ទាល់ ប្រមាណ១,២លាននាក់ សម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន ១០៦នាក់ បន្ថែមទៀត ដើម្បីស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍លោករដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងនោះ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងត្រូវស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍ ដើម្បីអាចប្រកបវិជ្ជាជីវៈរបស់ខ្លួនស្របច្បាប់។ ម្យ៉ាងវិញទៀត ត្រូវចូលរួមលើកកម្ពស់កិត្យានុភាពជាតិ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ហើយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីទេសចរណ៍ អនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ និងក្រមប្រតិបត្តិ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ ក៏បានអបអរសាទរដល់សិក្ខាកាមថ្នាក់តំបន់ភ្នំពេញ ជំនាន់ទី១៩ ដែលបានឆ្លងកាត់ការប្រឡងចូលរៀនយ៉ាងតឹងរឹង ដែលរៀបចំដោយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយក្រសួងទេសចរណ៍ បានអញ្ជើញសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីចូលរួមសង្កេតការណ៍ការប្រឡង និងគណនាលទ្ធផលជាប់ធ្លាក់ផងដែរ។ លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ដែលទើបប្រឡងជាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងគោរពបទប្បញ្ញត្តិរបស់សាលាអោយបានល្អ សំដៅធ្វើយ៉ាងណាក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងមានចំណេះដឹងទូលំទូលាយ សមត្ថភាពគ្រប់គ្រាន់ និងមានជំនាញវិជ្ជាជីវៈពិតប្រាកដ អាចបម្រើការងារក្នុងវិស័យទេសចរណ៍បានយ៉ាងល្អប្រសើរ។
លោក បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៣៩នាក់ ដែលត្រូវបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលពីសាកលវិទ្យា ល័យមេគង្គកម្ពុជា នឹងអាចចូលរួមចំណែកជួយបម្រើការងារ នៅក្នុងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែល មគ្គុទ្ទេសក៍ទេសចរណ៍ កំពុងមានតម្រូវការខ្ពស់។
សូមរំលឹកផងដែរ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការជំនាញ បានយកចិត្តទុកដាក់ជាអាទិភាព ដល់ការបណ្តុះបណ្តាលជំនាញ និងបង្កើតការងារជូនយុវជនកម្ពុជា សំដៅឆ្លើយតបនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិចំនួន ៥,៦ លាននាក់ ក្នុងកំណើន ១១,៨ភាគរយ វិស័យទេសចរណ៍កម្ពុជាបានបង្កើតចំណូលចូលជាតិប្រមាណ ៣.៦៣៨ លានដុល្លារ កើនឡើង ១៣,៣ភាគរយ។ រយៈពេល ៦ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ កើនឡើង ១៣ភាគរយ ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,២ លាននាក់។
ជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ប្រមាណជាង ៧លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ប្រមាណ ១លាននាក់ និងចំណូលចូលជាតិប្រមាណ ៥.០០០ លានដុល្លារអាមេរិក ក្នុងនោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍មានប្រមាណជាង ១ម៉ឺននាក់៕ ដោយ ៖ បញ្ញាស័ក្តិ