ភ្នំពេញ៖ កូនប្រុសប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្តាយបង្កើតបណ្តាលឱ្យបាត់បងជីវិត នៅវេលាម៉ោង៧ព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សេង វន្នី ភេទស្រី អាយុ៨៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរ នៅផ្ទះ។ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ស្រេង ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅចំណុចកើតហេតុខាងលើ( មានសតិមិនប្រក្រតី)។
តាមការបំភ្លឺពីឈ្មោះ ម៉ែន វណ្ណៈ ភេទស្រី អាយុ ៧១ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គាត់បានចេញពីផ្ទះមក លេងជនរងគ្រោះនៅចំណុចកើតហេតុខាងលើ។ ពេលមកដល់រូបគាត់បានបើកទ្វារបងរួចស្រែកហៅជនរងគ្រោះ តែមិនឮឆ្លើយ។ ភ្លាមនោះស្រាប់តែគាត់ឃើញជនសង្ស័យចេញពីចំហៀងផ្ទះរួចប្រាប់ថា ជនរងគ្រោះស្លាប់បាត់ហើយដោយរូបគេជ្រុលដៃសម្លាប់ កាលពីយប់មិញ។ ពេលឮដូចនេះរូបគាត់បានទៅប្រាប់ក្មួយជនរងគ្រោះនិងនាំគ្នារាយការណ៍ជូនសមត្ថកិច្ច ។
នៅពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុក៏នាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាតែម្តង។
ជនសង្ស័យសារភាពថា ពិតជាបានយកកាំបិតប៉័ងតោកាប់សម្លាប់ម្តាយពិតប្រាកដមែន។
បើយោងតាមការពិនិត្យរបស់នគរបាលកោសល្យវិច្ច័យរាជធានីភ្នំពេញបានប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារការកាប់នឹងកាំបិតប៉័ងតោពិតប្រាកដមែន។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការនគរបាលខណ្ឌច្បារអំពៅ។ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី