Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកផលិតម្ហូបអាហារក្នុងស្រុក អំពាវនាវឲ្យពលរដ្ឋខ្មែរ បន្តគាំទ្រផលិតផលក្នុងស្រុកឲ្យកាន់តែច្រើន ដែលស្មើនឹងជួយដល់ប្រជាកសិករអ្នកផលិត ក៏ដូចជា ជួយលើកស្ទួយប្រជាពលរដ្ឋឲ្យមានការងារធ្វើនៅក្នុងស្រុក

ភ្នំពេញ៖ ការជួយគាំទ្រផលិតផលខ្មែរកាន់តែច្រើនពីប្រជាជនក្នុងស្រុក នឹងជួយដល់កសិករអ្នកផលិត ជំរុញដល់ផលិតកម្មក្នុងស្រុក និងសេដ្ឋកិច្ចជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏អ្នកផលិតចំណីអាហារក្នុងស្រុក គួរគប្បីត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ទៅលើគុណភាព អនាម័យ និងអនុលោមទៅតាមស្តង់ដារ បច្ចេកទេសត្រឹមត្រូវ ទាំងការកែច្នៃ វេចខ្ចប់ឲ្យមានសោភ័ណភាព និងតម្លៃសមរម្យផងដែរ ទើបមានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ។

ក្នុងពិព័រណ៍ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិលើកទី១០ របស់កម្ពុជា (CAMFOOD and CAMHOTEL 2024) អ្នកផលិតម្ហូបអាហារក្នុងស្រុក បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរ បន្តគាំទ្រផលិតផលក្នុងស្រុកឲ្យកាន់តែច្រើនថែមទៀត ព្រោះថា ការគាំទ្រផលិតផលក្នុងស្រុក គឺស្មើនឹងជួយដល់ប្រជាកសិករអ្នកផលិត ក៏ដូចជា ជួយលើកស្ទួយប្រជាពលរដ្ឋឲ្យមានការងារធ្វើនៅក្នុងស្រុក មិនចំណាកស្រុកផងដែរ។

ពួកគេ បានអះអាងថា ផលិតផលចំណីអាហារនៅក្នុងស្រុកជាច្រើន បានពង្រឹងគុណភាពផលិតរបស់ខ្លួន ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ មិនចាញ់ផលិតផលបរទេសឡើយ។ ទោះជាយ៉ាងណា ពួកគេទទួលស្គាល់ថា ផលិតផលខ្មែរ ដែលមានគុណភាព និងស្តង់ដារ អាចនឹងមានតម្លៃខ្ពស់ជាងផលិតផលនាំចេញចូល ដែលជាឧបសគ្គបន្តិចសម្រាប់អ្នកប្រើប្រាស់មួយចំនួន ក៏ប៉ុន្តែយើងត្រូវគិតថា ផលិតផលក្នុងស្រុក គឺប្រើប្រាស់គ្រឿងផ្សំល្អៗ និងមិនប្រើប្រាស់សាធាតុគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាព ដូច្នេះ សម្រាប់អ្នកប្រើប្រាស់គួរពិនិត្យមើលចំណុចនេះ ទោះជាមានតម្លៃខុសគ្នាបន្តិចបន្តួចក៏ដោយ។

សូមជម្រាបថា ដើម្បីឲ្យមានការគាំទ្រកាន់តែច្រើនទៅលើផលិតក្នុងស្រុក ក្រៅពីពលរដ្ឋខ្មែរគ្នាឯង អ្នកផលិតក្នុងស្រុក ក៏គួរផ្តោតទៅលើភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រទេសកម្ពុជា រាប់លាននាក់ក្នុងមួយឆ្នាំៗផងដែរ ព្រោះថា ការផ្គត់ផ្គង់សម្រាប់បម្រើក្នុងវិស័យទេសចរណ៍នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល កំពុងជំរុញសម្រាប់ «នាំចេញនៅនឹងកន្លែង» ដែលផ្តល់ផលចំណេញច្រើនសម្រាប់អ្នកផលិត និងអាជីវករ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិលើកទី១០ របស់កម្ពុជា (CAMFOOD and CAMHOTEL 2024) បានព្រឹត្តិការណ៍រយៈពេលបីថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DICEC) ក្នុងរាជធានីភ្នំពេញ ដែលមានស្តង់តាំងពិព័រណ៍ជាង ១៥០ ដែលរំពឹងទុកថា មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណ ១២.០០០នាក់។ ក្រុមហ៊ុនផលិតម្ហូបអាហារក្នុងស្រុកមួយចំនួន បានបង្ហាញភាពរីករាយ ដែលបានឃើញពីទំនោររបស់ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង គាំទ្រផលិតផលខ្មែរ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នកប្រើប្រាស់ ចាប់ផ្តើមមានទំនុកចិត្តទៅលើគុណភាពរបស់ផលិតផលក្នុងស្រុក។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងព្រឹត្តិការណ៍នោះថា វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចមានសារៈសំខាន់ណាស់ ហើយវាចំាបាច់សម្រាប់យើងក្នុងការបន្តការច្នៃប្រឌិត និងការសម្របខ្លួនដើម្បីបំពេញតាមតម្រូវការ និងការរំពឹងទុករបស់ភ្ញៀវទេសចរដែលកំពុងកើនឡើង។ ឯកឧត្តម បានជឿជាក់ថា វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច នឹងបន្តជាសសរស្តម្ភសំខាន់ក្នុងការជំរុញកំណើនទេសចរណ៍ ជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងមានភាពរស់រវើក៕

×