Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំ ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ ម្ចាស់រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរ គ្រប់ប្រភេទ និងម្ចាស់យានយន្តគ្រប់ប្រភេទឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានី ភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- ចំពោះយានយន្តគ្រប់ប្រភេទ មិនអនុញ្ញាតឱ្យចរាចរចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់ បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១០:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ដែលគោលដៅហាមឃាត់មានសមត្ថកិច្ចឈរជើង ចាំណែនាំ ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង ២២:០០នាទី រហូតដល់ម៉ោង១០:០០នាទី។

២- ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃឈប់សម្រាក ម្ចាស់ការដ្ឋានសំណង់ទាំងអស់ ត្រូវផ្អាកដំណើរការ ចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ង់ត៍មិនអនុញ្ញាត ឱ្យចរាចរចូលក្នុងតំបន់ទីប្រជុំជន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌ ទួលគោក និងខណ្ឌបឹងកេងកង។

៣- គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរលើវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) ផ្លូវលេខ៥ វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ផ្លូវលេខ២៩៤ កំណាត់មហាវិថីសម្តេចសុធារស ចាប់ពីផ្លូវលេខ២៤០ រហូតដល់ផ្លូវខាងជើងស្ថានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវសបិត មហាវិថីព្រះសុរាម្រិត និងកំណាត់តីរវិថីព្រះស៊ីសុវត្ថិចាប់ពីរង្វង់សម្ដេចសង្ឃរាជ ជួន ណាត រហូត ដល់ផ្លូវលេខ១០៦។

៤- នៅផ្លូវជាតិលេខ១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញដែលឆ្លងកាត់រាជធានីភ្នំពេញ ត្រូវចូល ចតនៅដីទំនេរកែងស្តុបផ្លូវរោងចក្រថៃហ្គ័រ និងបញ្ចៀសនៅចំណុចផ្លូវជាតិលេខ១ កែងនឹងផ្លូវលេខ១១៤ (ស្តុបផ្លូវទៅរោងចក្រថៃហ្គ័រ)។ ចំពោះយានយន្តដឹកអ្នកដំណើរ ត្រូវចូលចតក្នុង បរិវេណវត្តនិរោធរង្សី និងចំណតរថយន្តផ្សារច្បារអំពៅ។

៥- នៅផ្លូវជាតិលេខ២៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញត្រូវចូលចតនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)។ ចំពោះរថយន្តធុនធំដែលចរាចរលើផ្លូវលេខ២១៧ ត្រូវឈប់ចត នៅខាងជើងរង្វង់មូលកួរស្រូវ និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ០៤គោលដៅ រួមមាន រង្វង់មូល កួរស្រូវ មុខវត្តស្លែង មុខវត្តចាក់អង្រែក្រោម និងគល់ស្ពានអាកាសក្បាលថ្នល់ខាងត្បូង។

៦- នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៖ រថយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តប៉ែកពាយ័ព្យ និងឦសានត្រូវធ្វើចរាចរតាមមហាវិថីឈ្នះឈ្នះ ទៅតាមផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ០៣គោលដៅ រួមមាន អតីតរង្វង់មូល ចោមចៅ ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្តុប២០០៤។ ចំពោះយានយន្តដឹក អ្នកដំណើរ ចូលទស្សនាព្រះរាជពិធី ត្រូវឈប់-ចតមិនឱ្យចូលហួសស្តុបណតប្រ៊ីតឡើយ។

៧- នៅផ្លូវជាតិលេខ៥៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ឬចូលចតនៅ ចំណតគីឡូម៉ែត្រលេខ៩។ ចំពោះយានយន្តដឹកអ្នកដំណើរ ចូលទស្សនាព្រះរាជពិធី ត្រូវបត់ចូល តាមផ្លូវលេខ៦៨ ទៅផ្លូវលេខ៧០ រួចបត់ចូលចតនៅក្នុងតំបន់អភិវឌ្ឍបឹងកក់។

៨- នៅផ្លូវជាតិលេខ៦៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅតាមមហាវិថី ឈ្នះឈ្នះ។ ចំពោះយានយន្តដឹកអ្នកដំណើរ ត្រូវចូលចតនៅទីតាំងដីតំបន់អភិវឌ្ឍ OCIC។

៩- នៅផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរត្រង់ចំណុចផ្លូវលេខ៣៧១ កែងផ្លូវលេខ២៧១។ ចំពោះយានយន្តដឹកអ្នកដំណើរ ចូលទស្សនាព្រះរាជពិធី ត្រូវឈប់-ចតតាម បណ្តោយផ្លូវ៦០ម៉ែត្រ។

១០- នៅផ្លូវចោមចៅ (ផ្លូវវេងស្រេង)៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរនៅត្រង់ចំណុចច្រមុះជ្រូក ស្ទឹងមានជ័យ។

១១- ចំពោះយានយន្តដឹកអ្នកដំណើរគ្រប់ប្រភេទមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុងឬទ្ធី ត្រូវបង្វែរចូលតាមផ្លូវ តូចៗមិនឱ្យចូលហួសមហាវិថី គីម អ៊ីលស៊ុង និងចតនៅបរិវេណតំបន់អភិវឌ្ឍបឹងកក់។ ចំពោះ រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ មិនឱ្យចូលក្នុងរាជធានីភ្នំពេញ។

១២- ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកប៉ាល់គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់មុខទីតាំងប្រារព្ធពិធី នៅមុខព្រះបរមរាជវាំង ត្រូវផ្អាកធ្វើនាវាចរក្នុងអំឡុងពេលប្រារព្ធពិធីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លើកលែងតែកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាចចរាចរបានត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។

១៣- ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ត្រូវផ្អាកធ្វើចរាចរចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង១២:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង២២:០០នាទី រហូតដល់ម៉ោង ១០:០០នាទី។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព ព្រមទាំង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×