ភ្នំពេញ៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសារមន្ទីរខ្លែងខ្មែរ សាធារណជនអាចទស្សនាដោយសេរី នូវពិព័រណ៍មិនអចិន្ដ្រៃយ៍ ស្ដីពីប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅប្របមហាវិថីរដ្ឋសភាថ្មីក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ (ទល់មុខវិមាន រដ្ឋសភា)។
ពិព័រណ៍នេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក និងគណៈកម្មការជាតិយូណេស្កូ បានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមកិច្ចគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
តាមរយៈពិព័រណ៍នេះ អ្នកចូលរួម នឹងទទួលបានបទពិសោធថ្មីៗអំពីការធ្វើកំណាយស្រាវជ្រាវ ការសាកល្បងធ្វើក្បាច់លម្អ (ធ្វើជាបន្តោង និងផ្លិត) ការបង្កើត 3D mode នៃកុលាលភាជន៍។ ជាមួយគ្នានេះ អ្នកចូលរួម ក៏អាចទស្សនាសារមន្ទីរតាមបែបឌីជីថល ទទួលបានបទពិសោធថ្មីៗអំពី VR ការបង្កើតហ្គេមអំពីកុលាលភាជន៍ និងការឆ្លើយសំណួរអំពីកុលាលភាជន៍ខ្មែរផងដែរ។
គួរបញ្ជាក់ថា ពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ដ្រៃយ៍ ស្ដីពីប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសារមន្ទីរខ្លែងខ្មែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិងការអញ្ជើញចូលរួមពីសិស្ស និស្សិតជាច្រើនរូប៕