ភ្នំពេញ៖ បើយោងតាមរបាយការណ៍ កំពង់ផែស្វយ័តភ្នំពេញ PPAP រកចំណូលបានចំនួន ៣៤.៤៧ លានដុល្លារ ក្នុងពីខែមករាដល់ខែតុលាក្នុងឆ្នាំ២០២៤ កើនឡើង ១៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយសម្រាប់ខែតុលា ឆ្នាំ២០២៤ កំពង់ផែនេះ រកចំណូលបានចំនួន៣ លានដុល្លារ កើនឡើងប្រហែល១០ ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២៣។
សម្រាប់ត្រីមាសទី៣ ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រាក់ចំណូលសរុបមានចំនួន ១៣.១៣ លានដុល្លារ កើនឡើង ៣.០១ លានដុល្លារ ឬស្មើ២៨.៤៣ ភាគរយ បើធៀបនឹងត្រីមាសទីបីនៃឆ្នាំ២០២៣កន្លងទៅ។ ចំណែកឯប្រាក់ចំណេញសុទ្ធ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ មានចំនួន ៥.៤៩ លានដុល្លារ កើនឡើង ៣.១ លានដុល្លារ ឬ ១២៧.០៣ ភាគរយ បើប្រៀបធៀបនឹងត្រីមាសទីបីនៃឆ្នាំ២០២៣។
ការកើនឡើងនៃប្រាក់ចំណូល ដោយសារការកើនឡើងនៃការដឹកជញ្ជូនកុងតឺន័រ និងចំនួននាវានេះ ឯកឧត្តម ហ៊ី បាវី ប្រធានកំពង់ផែស្វយ័តភ្នំពេញ PPAP បានចាត់ទុកថា ប្រាក់ចំណូលនេះ បានមកពីការយកចិត្តទុកដាក់លើការផ្តល់សេវាប្រតិបត្តិការកំពង់ផែប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តពីអតិថិជន ដែលគោលដៅនាពេលអនាគតរបស់កំពង់ផែស្វយ័តភ្នំពេញ PPAP គឺការធ្វើទំនើបកម្ម និងការពង្រីកស្ថានីយអ្នកដំណើរ និងទេសចរណ៍៕