ដើម្បីជួយសង្គ្រោះកូនក្មេងម្នាក់ដែលកំពុងជាប់គាំងប៉ែលប៉ោល ស្ថិតនៅខាងក្រៅជាន់ទី៥ នៃអគារលំនៅដ្ឋានមួយ នៅក្នុងខេត្ត Guangdong កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ស្ត្រីជាអ្នកជិតខាងដ៏ក្លាហានម្នាក់ បានសម្រេចធ្វើសកម្មភាពជួយសង្គ្រោះដ៏អស្ចារ្យពុំនឹកស្មាន ដោយបានតោងឡើងតាមជញ្ជាំងអគារ ដោយពុំគិតពីសុវត្ថិភាពផ្ទាល់ខ្លួនឯងនោះទេ ។
នៅវេលាម៉ោងប្រហែល ៩ យប់ ក្មេងស្រីអាយុ ៣ ឆ្នាំ ម្នាក់ បានឡើងចេញពីបង្អួចផ្ទះរបស់នាងជាន់ទី៥ នៅក្នុងទីក្រុង Huizhou ខេត្ត Guangdong ហើយក៏បានត្រូវជាប់គាំងចន្លោះរបារដែកឃាំងបង្អួចតែម្តង ខណៈពុំមាននរណាម្នាក់នៅក្នុងផ្ទះនោះ ។
People’s Daily បានរាយការណ៍ឲ្យដឹងថា ស្ត្រីអ្នកជិតខាងដ៏ក្លាហានម្នាក់ឈ្មោះ Chen Xiaoli អាយុ ២៨ ឆ្នាំ បានឃើញកូនក្មេងម្នាក់កំពុងស្រែកយំភ័យខ្លាចយ៉ាងខ្លាំង និងបានឆ្លើយតបនឹងហេតុការណ៍ដ៏រន្ធត់នេះយ៉ាងលឿន ។ នាងបានដោះស្បែកជើង និងឡើងទៅកាន់បង្អួចជាន់ទី៥ ដោយពុំមានឧបករណ៍ការពារសុវត្ថិភាពឡើយ ។
Chen បានខិតខំដោះស្រាយឧបសគ្គរបស់ក្មេងនោះអស់រយៈពេល១ម៉ោង រហូតធ្វើឲ្យនាងអស់កម្លាំង ទន់ដៃទន់ជើង ប៉ុន្តែ សំណាងល្អ ដែលក្រុមពន្លត់អគ្គីភ័យបានមកដល់ទាន់ពេលវេលា ដើម្បីជួយនាំយក Chen ចេញ ។
បន្ទាប់ពីការជួយសង្គ្រោះដ៏ពលីខ្លួនឯងនេះ Chen បានបដិសេធទទួលយក «លុយដឹងគុណ» ដែលត្រូវបានផ្តល់ឲ្យនាង ពីគ្រួសាររបស់ក្មេងស្រីតូចរងគ្រោះនេះទេ ។
យោងតាម CCTV News នេះពុំមានជាលើកទី១ទេ ដែល Chen បានជួយសង្គ្រោះមនុស្សក្នុងស្ថានភាពដ៏ប្រឈមនឹងគ្រោះថ្នាក់បែបនេះ ។ មុននោះ នាងបានចូលជួយសង្គ្រោះស្ត្រីចំណាស់ម្នាក់ ដែលបានជាប់នៅក្រោមគំរបច្រកចូលទៅបំពង់លូទឹកសំអុយ (manhole) ៕ ឧត្តម (shanghaiist)