Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញសេដ្ឋកិច្ចថា ការបណ្តុះបណ្តាលជំនាញ TVET របស់រាជរដ្ឋាភិបាល បានក្លាយជាថ្នាលបង្កើតកម្លាំងជំនាញយ៉ាងសំខាន់សម្រាប់កម្ពុជា ស្របនឹងរបត់ផ្លាស់ប្តូរទិសដៅវិនិយោគថ្មី

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅគឺមានរយៈកាលមួយឆ្នាំហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនោះអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានវាយតម្លៃថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនេះបានក្លាយទៅជាថ្នាលបណ្តុះបណ្តាលកម្លាំងជំនាញមួយយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយតាមរយៈសន្ទុះកើនឡើងនៃកម្លាំងជំនាញនៅក្នុងស្រុកនេះគឺស្របតាមរបត់ថ្មីមួយ ក្នុងការកែប្រែទិសដៅវិនិយោគបរទេសនៅកម្ពុជា ដែលនឹងអាចប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សក្នុងការចូលរួមប្រកួតប្រជែងលំហូរវិនិយោគនៅតំបន់អាស៊ាន និងសកលលោក។

បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអាចទាក់ទាញយុវជនចូលរៀនជំនាញបានជាង៧មុឺននាក់ក្នុងរយៈពេលឆ្នាំមកនេះ វា​ពិត​ជា​ដំណើរ​ការ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ និង​ជាសមិទ្ធផល​ដ៏ល្អប្រពៃក្នុង​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​បង្កើន​ជំនាញនៅកម្ពុជា។

នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះបន្តថា ការអភិវឌ្ឃន៍កម្លាំងជំនាញគឺជារឿងចាំបាច់ណាស់នៅក្នុងយុគសម័យអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​ដើម្បី​ទាក់ទាញការវិនិយោគបរទេសបន្ថែម​ទៀត​ក្នុង​វិស័យ​ផលិតកម្ម និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ ដូច្នេះកម្មវិធីបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះនឹងក្លាយទៅជាសូចនាករមួយដ៏មានសក្តានុពល និងចម្បងក្នុងការផ្លាស់ប្តូមុខមាត់សេដ្ឋកិច្ចកម្ពុជា។

បើទោះបីយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងយុគសម័យសេដ្ឋកិច្ចបែបថ្មីនេះ ប្រទេសកម្ពុជាត្រូវការវិនិយោគ​ធនធាន​បន្ថែម​ទៀត​ដើម្បី​បណ្តុះបណ្តាល​យុវជន​​នូវ​ជំនាញ​អនាគត​ដែល​ឆ្លើយតប​នឹង​ទីផ្សារ​ការងារ​នា​ពេល​អនាគត ដូចជាជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាជំនាញផ្សេងទៀត ដែលកម្ពុជាគួរតែផ្តោតទៅលើបន្ថែមលើការអភិវឌ្ឍជំនាញមូលដ្ឋាន។ 

ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះនឹងក្លាយទៅជាចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា ពីព្រោះកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានក្លាយទៅជាថ្នាលនៃការបង្កើតកម្លាំងជំនាញជាច្រើនមុឺននាក់រួចស្រាប់ទៅហើយនៅក្នុងរយៈពេលមួយឆ្នាំមកនេះចាប់តាំងពីរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះនឹងនាំកម្ពុជាទៅដល់ការបង្កើតកម្លាំងធនធានផលិតកម្មដ៏ខ្លាំងមួយដែលមានផលិតភាពខ្ពស់ នឹងឈានដល់អភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា ដែលជាយន្តការក្នុងការកែប្រែកម្ពុជាពីការពឹងផ្អែកលើវិស័យកសិកម្ម មកពឹងផ្អែកលើឧស្សាហកម្ម និងពីសហគ្រាសខ្នាតតូចមធ្យម មកជាឧស្សាហកម្មធន់ធ្ងន់។

លោក បណ្ឌិតបានគូសបញ្ជាក់បន្តថា ការសិក្សាឱ្យបានច្បាស់លាស់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីទទួលបានលទ្ធផលផ្លែផ្កាលើការបង្កើនកម្លាំងជំនាញនៅកម្ពុជានេះ គឺនឹងធ្វើឱ្យការឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជាមានភាពខ្លាំង ដែលអាចឈានជើងក្នុងការប្រកួតប្រជែងមួយដ៏ធំនៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀតនៅលើពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង៧មុឺននាក់នៅទូទាំងប្រទេស។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”៕

×