ភ្នំពេញ៖ កម្ពុជា រំពឹងថា ការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម នឹងមានកំណើនខ្ពស់នាពេលខាងមុខនេះ ខណៈមុខទំនិញសំខាន់ៗជាច្រើនមុខរបស់កម្ពុជា ត្រូវបានលុបបំបាត់ពន្ធគយ និងរបាំងពាណិជ្ជកម្ម ដែលជាការបើកច្រកទីផ្សារថ្មីរបស់កម្ពុជាទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលភាគីទាំងពីរទើបតែសម្រេចបាននាពេលថ្មីៗនេះ។
ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA)នេះ ដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ បានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ហើយកិច្ចព្រមព្រៀងនេះ ជាសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។
លោកជំទាវ បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ ដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងអនុញ្ញាតឱ្យកម្ពុជា អាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗ ដូចជា៖ សេវាកម្មអាជីព និងធុរកិច្ច សេវាកម្មសំណង់ និងវិស្វកម្ម និងសេវាកម្មបរិស្ថានជាដើម។
គួរបញ្ជាក់ថា លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា វិស័យឯកជនកម្ពុជា នឹងចូលរួមចំណែកក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះ ឱ្យបានពេញលេញ ដើម្បីចូលរួមជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដែលការណ៍នេះ ស្របតាមយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ពោលគឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នាពេលខាងមុខផងដែរ៕