ដោយ៖ CEN
កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងពីរ ដែលមានទីតាំងនៅឧបទ្វីបឥណ្ឌូចិន ក្នុងតំបន់ទន្លេមេគង្គក្រោម និងមានដើមកំណើតពីអរិយធម៌ស្រូវសើម ដែលមានប្រវត្តិដ៏យូរលង់មកហើយ នៅអាស៊ីអាគ្នេយ៍, ដូច្នេះទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម មានលក្ខណៈប្រពៃណី ញ៉ាំងឱ្យមានការឆាប់យោគយល់គ្នា ស៊ីចង្វាក់ និងកិច្ចសហប្រតិបត្តិការផ្លែផ្កា។
ក្នុងដំណើរប្រយុទ្ធ ការពារកសាង និងអភិវឌ្ឍន៍ប្រទេស កម្ពុជា-វៀតណាម តែងតែចែករំលែកតភ្ជាប់ និងជួយគ្នាទៅវិញទៅមក, នេះជាទំនាក់ទំនងពិសេសរវាងប្រទេសជិតខាងដែលរស់នៅក្បែរគ្នា ហើយរហូតមកដល់ពេលនេះ ទំនាក់ទំនងប្រពៃណី មិត្តភាព អ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម នៅតែបន្តត្រូវបានចិញ្ចឹមបីបាច់ កសាង និងអភិវឌ្ឍន៍ឱ្យកាន់តែល្អប្រសើរឡើង។
ទំនាក់ទំនងមិត្តភាពដ៏ពិសេស រវាងកម្ពុជា និងវៀតណាម ត្រូវបានកសាងឡើងជាមួយនឹងជីវិតមនុស្សជំនាន់មុនជាច្រើន ដោយឈាម និងឆ្អឹងរបស់មន្ត្រី និងអ្នកស្ម័គ្រចិត្តកម្ពុជា-វៀតណាម រាប់មិនអស់។ នោះ គឺជាការពិតប្រវត្តិសាស្ត្រ ដែល គ្មានកម្លាំងអរិភាពណា អាចបំភ្លៃ ឬក្លែងបន្លំបានឡើយ។
ប្រពៃណីនៃចំណងសាមគ្គីភាព ការភ្ជាប់ទំនាក់ទំនង និងការជួយគ្នាទៅវិញទៅមក រវាងកម្ពុជា-វៀតណាម គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ជាកត្តាសំខាន់មួយក្នុងការតស៊ូរំដោះជាតិនាពេលកន្លងមក ហើយបានប្រែក្លាយទៅជាចំណងកិច្ចសហប្រតិបត្តិការ កសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗឲ្យកាន់តែរីកចម្រើននាពេលសព្វថ្ងៃ។ បច្ចុប្បន្ន កម្ពុជា និងវៀតណាម កំពុងបន្តកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការស្របតាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង»។
រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់អាស៊ីខាងត្បូង និងជាប់ចំណាត់ថ្នាក់ លេខ៣ ក្នុងតំបន់អាស៊ី ដោយអត្រាកំណើនផលិតផលក្នុងស្រុកសរុប ៥.៥% នៅឆ្នាំ២០២៣ ហើយរំពឹងថា នឹងកើនឡើងដល់ជាង ៦% នៅឆ្នាំ២០២៤នេះ។ ប្រទេសកម្ពុជាកំពុងធ្វើការឆ្ពោះទៅរកគោលដៅក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនោះ វៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសមហាអំណាចធំៗលើពិភពលោក ហើយជាប្រទេសដែលមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងផលិតផលក្នុងស្រុកសរុបឈានដល់ ៤២៩លានដុល្លារ ក្នុងឆ្នាំ២០២៣, អត្រាកំណើន GDP ប្រចាំឆ្នាំជាង ៥%។ វៀតណាម ក៏មានបំណងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងនៅឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ ហើយសង្ឃឹមថា នឹងឈានចូល G20 ជាប្រទេសអភិវឌ្ឍន៍ក្នុងពេលឆាប់ៗនេះ ដែលនាំមកនូវសម្ទុះវិជ្ជមានដល់ប្រទេសជិតខាងកម្ពុជា។
បច្ចុប្បន្ន យន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម កំពុងត្រូវបានអនុវត្តលើគ្រប់វិស័យនៃស្ថាប័ននយោបាយ កិច្ចការបរទេស ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ការអប់រំ និងការផ្លាស់ប្តូរប្រជាជន, មកទល់នឹងពេលនេះ យន្តការសហប្រតិបត្តិការខាងលើ បាននាំមកនូវលទ្ធផលវិជ្ជមាន បង្ហាញក្នុងវិស័យជាច្រើន ក្នុងនោះ វិស័យលេចធ្លោ គឺការដោះដូរពាណិជ្ជកម្ម និងការវិនិយោគ, ទាំងនេះ ជាការបង្ហាញយ៉ាងច្បាស់នូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ រួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងការអភិវឌ្ឍន៍ប្រទេស។
ទាក់ទងនឹងពាណិជ្ជកម្ម វៀតណាមកំពុងក្លាយជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាក្នុងទីផ្សារអន្តរជាតិនៅឆ្នាំ២០២៤ (បន្ទាប់ពីប្រទេសចិន) ហើយក៏ជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិកដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងឆ្នាំ២០២២ សម្រេចបាន ១០.៥៧ពាន់លានដុល្លារអាមេរិក, នៅឆ្នាំ២០២៣ នឹងឈានដល់ ៨.៥៧ពាន់លានដុល្លារអាមេរិក ហើយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ច និងកិច្ចប្រជុំកំពូល នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានព្រមព្រៀងគ្នាលើចំណុចជាច្រើន ក្នុងនោះ មានដូចជា លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ និងធុរកិច្ចនៃប្រទេសទាំងពីរ ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ២០ពាន់លានដុល្លារនាពេលខាងមុខ។
ទាក់ទិននឹងការវិនិយោគ មកទល់នឹងពេលនេះ វៀតណាមបានវិនិយោគលើគម្រោងចំនួន ២០៥ នៅកម្ពុជា ទុនចុះបញ្ជីសរុបចំនួន ២,៩៤ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ លេខ ១ ក្នុងតំបន់អាស៊ាន និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅកម្ពុជា។ ជាពិសេស កម្ពុជា ជាប់ចំណាត់ថ្នាក់ លេខ ២ ក្នុងចំណោមប្រទេស និង ដែនដីដែលវៀតណាមបានវិនិយោគនៅបរទេស។ ទន្ទឹមនឹងនោះ CPC ក៏មានគម្រោងវិនិយោគចំនួន ៣៥ នៅប្រទេសវៀតណាម ដែលមានទុនសរុបប្រមាណ ៧៥,៧៦លានដុល្លារអាមេរិក។
សមិទ្ធិផលខាងលើក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលកម្ពុជា និងវៀតណាមសម្រេចបាននោះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ដើម្បីជួយប្រទេសទាំងពីរបន្តពង្រីក និងជំរុញការអនុវត្តគោលនយោបាយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងវិស័យជាច្រើនទៀត។ សម្រាប់ការអភិវឌ្ឍន៍ដូចជាទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល វប្បធម៌ និងការអប់រំ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម នឹងសម្រេចបានសមិទ្ធិផលធំៗជាច្រើនទៀតនាពេលខាងមុខ។
ទន្ទឹមនឹងប្រទេសវៀតណាម ដែលជាប្រទេសកំពុងមានការអភិវឌ្ឍន៍ខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាក៏កំពុងព្យាយាមសម្រេចនូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះហើយ ទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម នឹងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ កាន់តែមានភាពស្វាហាប់ និងមានប្រសិទ្ធភាព ហើយត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយគ្នា ឆ្ពោះទៅក្នុងយុគសម័យថ្មី នៃទ្រព្យសម្បត្តិ សុភមង្គល និងវិបុលភាព៕