Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុនជប៉ុន Mirarth Holdings Inc. ដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី មានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Taniguchi Kentaro ប្រធានក្រុមហ៊ុន Mirarth Holdings, Inc. ដែលជាក្រុមហ៊ុនជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុននៅក្នុងខេត្តកំពង់ធំ។

លោក Taniguchi Kentaro បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានលើកទឹកចិត្តដល់ក្រុមហ៊ុន និងឆ្លៀតពេលដ៏មានតម្លៃទទួលជួបរូបលោក និងគណៈប្រតិភូក្រុមហ៊ុនសារជាថ្មីម្តង។ លោក Taniguchi Kentaro បានជម្រាបជូនថា បច្ចុប្បន្ន ក្រុមហ៊ុន Mirarth Holdings Inc. មានសមត្ថភាពកែច្នៃគ្រប់ស្វាយចន្ទី ១៥០០ តោន ក្នុងមួយឆ្នាំ និងអាចឡើងដល់ប្រមាណ ៣០០០ តោន នៅដើមឆ្នាំ២០២៥ ហើយក្រុមហ៊ុននឹងបន្តពង្រីកផលិតកម្មរបស់ខ្លួនរហូតដល់ប្រមាណ ២៥ ០០០ តោន ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនមួយនៅប្រទេសហូឡង់ដ៍ ហើយគ្រោងនឹងនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ២៥០តោន ទៅកាន់ទីផ្សារអ៊ឺរ៉ុបក្នុងពេលខាងមុខនេះ។

ក្រុមហ៊ុនក៏មានគម្រោងពង្រីកសកម្មភាពកែច្នៃគ្រាប់និងកសិផលស្វាយចន្ទីផងដែរ ដូចជាការកែច្នៃធ្វើជាប្រេង គ្រឿងសម្អាង និងផលិតថាមពលជីវម៉ាស(Biomass) ដែលសុទ្ធសឹងជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវក្តីរីករាយ និងអបអរសាទរចំពោះវឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន Mirarth Holdings Inc. និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន ក្នុងការវិនិយោគកែច្នៃគ្រប់ស្វាយចន្ទី ក្នុងខេត្តកំពង់ធំ។ គម្រោងវិនិយោគនេះ បាននិងកំពុងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា និងការបង្កើតការងារ ពិសេសបាននាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ដូចជាការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដាំដុះជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចនូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី តាមរយៈការលើកកម្ពស់ការផលិតនិងការកែច្នៃគ្រាប់ស្វាយចន្ទី និងផែនការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទី ដែលត្រូវបានគូសវាសដោយ សម្តេចមហាបវរធិបតី ផ្ទាល់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងភាពគ្រប់ជ្រុងជ្រោយ នៅក្នុងខ្សែចង្វាក់តម្លៃនៃដំណាំស្វាយចន្ទីទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុនដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា និងឆន្ទៈចូលរួមក្នុងកិច្ចការសង្គមរបស់ក្រុមហ៊ុននៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី (contract farming) ផងដែរ។ មុននឹងបញ្ចប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរឱ្យក្រុមហ៊ុនបន្តទទួលបាននូវភាពជោគជ័យ និងបានបញ្ជាក់នូវជំហរគាំទ្ររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងផ្តល់កិច្ចសហការ ដើម្បីចូលរួមគាំទ្រដល់ការវិនិយោគនៅក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចរបស់ខ្លួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×