ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងដំណើរទស្សនកិច្ច នៅរោងចក្រ លេសសូ ត្រេឌីង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជំរុញឲ្យក្រុមហ៊ុនដែលផ្គត់ផ្គង់ទុយោទឹក ត្រូវផលិតតាមស្តង់ដារជាតិ ដែលគុណភាពខ្ពស់ ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ដែលផ្គត់ផ្គង់វិស័យទឹកស្អាត ឬវិនិយោគផ្នែកកសិកម្ម និងបម្រើឲ្យវិស័យសំណង់ផ្សេងៗ ជាពិសេសជួយពង្រឹងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បន្តថា ពាណិជ្ជករដែលរកស៊ីនៅក្នុងវិស័យទុយោទឹកមានការបាត់បង់ទឹកច្រើន ចន្លោះ ៣០ភាគរយ ទៅ ៤០ភាគរយ។ ហើយការបាត់បង់នេះ មកពីមូលហេតុមកពីប្រើប្រាស់ទុយោដែលអន់គុណភាព និងមិនត្រឹមត្រូវតាមស្តង់ដារតាមលក្ខណៈបច្ចេក ទេស ធ្វើឲ្យលិចធ្លាយ ដូច្នេះវិស័យទឹកស្អាតនេះ បានជួបបញ្ហារច្រើន ប៉ុន្តែនៅពេលនេះ យើងត្រូវតែជំរុញឲ្យពួកគាត់ប្រើទុយោ ដែលគុណភាពល្អ អាចផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម បានស្នើឲ្យប្រជាជនកម្ពុជា ជួយគាំទ្រក្រុមហ៊ុនផលិតទុយោក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាព និងបម្រើឲ្យវិស័យដ៏ទៃទៀត តាមរយៈការប្រើប្រាស់បានយូរ រួមចំណែកជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺជួយកាត់បន្ថយការនាំចូលទុយោពីបរទេស, ជួយពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងផ្តល់ការងារក្នុងស្រុក និងចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ពីបច្ចេកទេស និងនវានុវត្តន៍សម័យថ្មី ទៅតាមតម្រូវការទីផ្សារនៃប្រទេសកម្ពុជា។
ដោយមើលឃើញតម្រូវការទីផ្សារមានការកើនឡើងខ្ពស់ក្នុងវិស័យសំណង់ ប្រព័ន្ធធារាសាស្រ្ត វិស័យកសិកម្ម ការបង្កើតរោងចក្រនេះ ក្នុងគោលដៅដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ស្របតាមការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក និងក្នុងតំបន់ ជាដើម។
គួរបញ្ជាក់ថា ការបង្កើតរោងចក្រផលិតទុយោនៅកម្ពុជា ជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងពីការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជា នាំផលិតផលខ្មែរទៅលើទីផ្សារអន្តរជាតិ ជាពិសេសការបង្កើតការងារ និងបង្កើនសមត្ថភាពដល់ប្រជាជនកម្ពុជា ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ៕