សម្ព័ន្ធក្រុមហ៊ុន Landing International Development. ដែលមានស្នាក់ការនៅហុងកុង កាលពីម្សិលមិញបានបញ្ជាក់ថា មិនអាចជួប ឬទំនាក់ទំនងបានជាមួយប្រធានYang Zhihui ក្រោយពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រមាណ ៣៥ភាគរយ។
ក្រុមប្រឹក្សាអភិបាលប្រកាសថា៖ អវត្តមានជាបណ្ដោះអាសន្នរបស់លោកYang មិនមានឥទ្ធិពលអ្វីដល់សកម្មភាពរបស់ ក្រុមហ៊ុនទេ ហើយពួកគេកំពុងប្រឹងប្រែងទាក់ទងជាមួយលោក។ លោកYang គឺជាសមាជិកភាគហ៊ុនធំបំផុតដែលក្ដោបក្ដាប់ភាគហ៊ុនដល់ទៅ ៥០,៥ភាគរយ។
គួររម្លឹកថា កាលពីដើមខែនេះ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលុបចោលគ្រោងការណ៍កាស៊ីណូតម្លៃ ១,៥ពាន់លានដុល្លារនៅក្រុងម៉ានីលរបស់ក្រុមហ៊ុននេះ នៅអំឡុងប៉ុន្មាននាទីប៉ុណ្ណោះក្រោយពិធីក្រុងពាលី ដោយសំអាងមូលហេតុថាខ្ទង់ប្រាក់ពន្ធក្នុងកិច្ចសន្យាមិនសមស្រប ធ្វើឱ្យហ្វីលីពីនខាតបង់ប្រយោជន៍ជាច្រើន។
តាមCaixin នៅថ្ងៃទី២៤ ខែសីហា បានបង្ហើបចេញព័ត៌មានថា រដ្ឋការចិនកំពុងស៊ើបអង្កេតចំណងទាក់ទងYang និង Lai Xiaomin ដែលជាប្រធានក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្ដិHuarong ដែលជាក្រុមហ៊ុនរដ្ឋ ហើយបុគ្គលនេះត្រូវបានស៊ើបអង្កតតាំងពីខែមេសា ក្រោមបទសង្ស័យថាបានទទួលសំណូក។
ប្រភពព័ត៌មានរបស់Caixin បាននិយាយបន្ថែមថា Yang បានត្រូវចាប់ខ្លួននៅកម្ពុជា ប៉ុន្ដែព័ត៌មាននេះពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
សូយន