សារព័ត៌មាន Inquirer បានដកស្រង់សម្ដីប្រធានាធិបតី Rodrigo Duterte ដែលប្រកាសពីម្សិលមិញនេះថា៖ «ពួកគេគិតថាយើងនឹងទិញយន្ដហោះF-16 ប៉ុន្ដែសួរថាយើងអាចទិញវាបានប៉ុន្មានគ្រឿង? ៣គ្រឿងឬ? ដើម្បីប្រឆាំងនឹងអ្នកណា? ចិន ឬម៉ាឡេស៊ី? យើងពុំមានសង្គ្រាមជាមួយពួកគេទេ។កងទ័ពហ្វីលីពីនត្រូវការត្រឹមយន្ដហោះ កង្ហារ វាគ្រប់គ្រាន់សម្រាប់ប្រឆាំងពួកឧទ្ទាមហើយ។
នេះគឺជាប្រតិកម្មរបស់ប្រធានាធិបតីDuterte បន្ទាប់ពីទទួលបានលិខិតរបស់ប្រមុខការទូតអាមេរិក Mike Pompeo, ដែលក្នុងនោះបានអះអាងសាឡើងវិញអំពីការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនចំពោះផែនការទំនើបកម្មយោធារបស់ក្រុងម៉ានីល ហើយក៏បានផ្ដួចផ្ដើមគំនិតអំពីជំនួបទ្វេភាគីដើម្បីពិភាក្សាចំពោះការដែលអាមេរិកលក់យន្ដហោះប្រយុទ្ធF-16 និងឧទ្ធម្ភាគចប្រដាប់អាវុធឱ្យហ្វីលីពីន។
ការផ្ដើមសំណើរបស់ក្រុងវ៉ាស៊ីនតោន ត្រូវបានលើកឡើងបន្ទាប់ពីមន្ដ្រីអាមេរិកធ្វើការព្រមានដល់បញ្ហាហ្វីលីពីនទិញនាវាមុជទឹករបស់រុស្ស៊ី អាចជាមូលហេតុបង្កអន្ដរាយដល់ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ៕
លីសា