Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសគណៈកម្មការរៀបចំសន្និបាតក្រសួងមហាផ្ទៃ!

សមាសភាពគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព» ត្រូវបានប្រកាសជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្ដីសម្រេចអានដោយឯកឧត្តមឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ គណៈកម្មការនេះដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី និងមានអនុគណៈកម្មការជាសេនាធិការចំនួន៦ រួមមានអនុគណៈកម្មការខ្លឹមសារ អនុគណៈកម្មការបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព អនុគណៈកម្មការពិធីការ អនុគណៈកម្មការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងអនុគណៈកម្មការផ្គត់ផ្គង់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា អនុគណៈកម្មការទាំងនេះ នឹងផ្តល់ព័ត៌មានជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអំពីស្ថានភាពនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត (វឌ្ឍនភាព និងបញ្ហាប្រឈម) ដើម្បីធ្វើជាមូលដ្ឋានក្នុងការដាក់ចេញវិធានការចាំបាច់នានា ដើម្បីពង្រឹង និងកែលម្អការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ ឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក ព្រមទាំងដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តតួនាទី ភារកិច្ច របស់ក្រសួងមហាផ្ទៃ ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសជាតិ ផ្តើមចេញពីការអភិវឌ្ឍសមត្ថភាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ។ ដូច្នេះថ្នាក់ដឹកនាំក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវតែពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពឱ្យបានត្រឹមត្រូវច្បាស់លាស់ និងមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×