Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរ គ្រោងអភិវឌ្ឍតំបន់ជុំវិញ ដោយទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់

ក្រុងសៀមរាប ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩។

នៅក្នុងជំនួបនោះ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ និង ២ លាននាក់នៅក្នុងឆ្នាំ២០២៥។

លោកបានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ពិសេសការតបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនដល់អាកាសយានដ្ឋានបានយ៉ាងល្អប្រសើរ។

លោក Wei បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុម​ហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែម​ដើម្បី​អភិវឌ្ឍ​អាកាសយានដ្ឋាន និង​តំបន់​ជុំវិញ​។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនដែលបានសម្រេចចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានអបអរចំពោះកំណើនអ្នកដំណើរ។ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រក្រុមហ៊ុន ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរ និងឧស្សាហកម្មមកកាន់តំបន់នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “យើងចង់ឱ្យក្រុមហ៊ុនវិនិយោគ ទាំងតូច និងទាំងធំ ទទួលជោគជ័យ។ នៅពេលដែលឧស្សាហកម្មក្នុងស្រុករីកចម្រើន ការដឹកជញ្ជូនតាមផ្លូវអាកាសនឹងកើនឡើង ដែលនឹងជំរុញការអភិវឌ្ឍអាកាសយានដ្ឋាននេះ និងតំបន់ជុំវិញបន្ថែមទៀត។”

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកព័ត៌មានសម្រាប់ការរៀបចំផែនការរួមគ្នា ពិសេសទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាការផ្គត់ផ្គង់ទឹកស្អាតជាដើម។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុងសៀមរាប ត្រូវបានបើកដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៧ លាននាក់ក្នុងមួយឆ្នាំ ដោយផ្តល់ជាច្រកចេញចូលដ៏ទំនើបមួយទៅកាន់តំបន់បេតិ​កភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×