ខេត្តកំពង់ចាម ៖ ក្រោយពីទទួលបានព័ត៌មានពលរដ្ឋចំនួន២៤គ្រួសារ ដែលបានរងគ្រោះដោយការបាក់ស្រុតច្រាំងព្រែកកុយក្នុងស្រុកកងមាស ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ ឯកឧត្តម លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ឯកឧត្តមនាយកសាខា លោក ភោគ សាវុធ ប្រធានគណ:កម្មាធិការអនុសាខាស្រុក ចុមសួរសុខទុក្ខនិងចែកអំណោយដោយធ្វើឡើងកាលពីព្រឹកថ្ងៃទី ១ធ្នូ ឆ្នាំ២០២៤ មកពី៣ភូមិ(អន្លង់គគីរ ព្រែកកុយ និង មេសរ ) ក្នុងឃុំព្រែកកុយ ស្រុកកងមាស ។
គួររំលឹកថា:នៅស្រុកកងមាស ករណីស្រុតច្រាំង កើតមាននៅ ២ឃុំ គឺ ឃុំសូរគង ស្រុតច្រាំង ប្រវែង ២,០០០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣ភូមិ ត្រូវបានរដ្ឋបាលឃុំ និង អនុសាខាស្រុក ចុះអន្តរាគមន៍ឆ្លើយតប ១៤គ្រួសារ និង នៅឃុំព្រែកកុយ ស្រុតច្រាំងព្រែកប្រវែង ៨៣០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៣ភូមិ ចំនួន ៣៣ខ្នង ក្នុងនេះ អនុសាខា បានចុះឆ្លើយតបរួចហើយ ចំនួន ៩គ្រួសារ ។ ដោយឡែក ២៤គ្រួសារទៀត បានអន្តរាគមន៍រុះរើរួចហើយ ២គ្រួសារ នៅសល់ ២២គ្រួសារ ត្រៀមរុះរើទៅតាំងលំនៅលើទីតាំងថ្មី ដែលធានាសុវត្ថិភាព ។
ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងផលប៉ះពាល់ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខាសាខា បាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយ លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះមហន្តរាយធម្មជាតិ មិនថា ពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬ បាក់ច្រាំង ក៏ដោយ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល រៀបចំលំនៅដ្ឋានឡើងវិញ ។ ក្នុងការរស់នៅ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក ” បើស្រឡាញ់ខ្លួន អោយស្ងួនចំណី ” តាមរយ: ការកាត់បន្ថយអាហារដែលមានជាតិផ្អែម ប្រៃ ដោយប្រើខ្លាញ់តិច អំបិល ស្ករតិច ហើយហូបបន្លែ ផ្លែឈើស្រស់អោយបានច្រើន ជៀសអោយផុតពីជម្ងឺមិនឆ្លង ដែលកំពុងបង្កអន្តរាយដល់សុខភាពយ៉ាងខ្លាំង ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ ទាំង ២៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត ( មុង ភួយ សារុង ក្រមា ) ១សម្រាប់ និង ថវិកាចំនួន ១០០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ប្រតិភូអមដំណើរ បានអញ្ជើញ ប្រគេនព្រះចៅអធិការវត្តស្តីអណ្តែត នូវ អង្ករ ១០០គក្រ – មី ៤កេស – ត្រីខ ៤០កំប៉ុង – ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ២០០,០០០រៀល ។
បន្ទាប់មក ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព សាលាឆាន់ ១ខ្នង ក្នុង វត្តដំបងដែក ហៅ វត្តគងជ័យ( ឃុំព្រែកកុយ )ដែលត្រូវអគ្គីភ័យបំផ្លាញទាំងស្រុង កាលពីយប់រំលងអធ្រាត ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានវេរទេយ្យទាន ប្រគេន ព្រះចៅអធិការវត្ត រួមមាន អង្ករ ១០០គក្រ, មី ៤កេស- ត្រីខ ៤យួរ- ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ៥លានរៀល ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី










