ខេត្តកំពង់ចាម : ឯកឧត្តម អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណបក្សខេត្តកំពង់ចាម បានជុំវិញដល់រដ្ឋបាលស្រុកជើងព្រៃ និងអាជ្ញាធរឃុំ គ្រប់ឃុំ ត្រូវបន្តការខិតខំបម្រើ ផលប្រយោជន៍ និងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ ពោលគឺត្រូវលើកកម្ពស់គុណភាពក្នុងការការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រផងដែរ ។ ការថ្លែងបែបនេះក្នុងពិធីប្រកាសសម្រួលភារកិច្ច និង តែងតាំង លោក ស៊ឹម គង់ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ជំនួស លោក ឆាយ វ៉ាន់ស៊ី ដែលត្រូវទទួលភារកិច្ចថ្មី នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកជើងព្រៃ ។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរស្រុកជងព្រៃ ជាពិសេសលោក ស៊ឹម គង់ បន្ទាប់ពីបានទទួលភារកិច្ចថ្មីនេះ ត្រូវយកចិតទុកដាក់ខ្ពល់ លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ពិសេសគឺបន្តរួមគ្នា អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងអំពើអនាចារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានជំរុញឱ្យបន្តការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ រួមទាំង រហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនឥតឈប់ឈរ និងនាំឱ្យកម្ពុជា សស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ជាមួយនោះយើងត្រូវខិតខំថែរក្សាសន្តិភាពឱ្យបានយូរអង្វែងទៅអនាគត៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី
















