ក្រោយពីមានផ្ទុះរឿងរ៉ាវតុលាការខេត្តតាកែវបញ្ជាឱ្យ សមត្ថកិច្ចចាប់ខ្លួន លោកយាយឈ្មោះ ជុំ យ៉េន អាយុ៨២ឆ្នាំ ដាក់ពន្ធនាគារ ពីបទធ្វើឱ្យខូចខាតដោយចេតនា និងធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការនោះ ទិដ្ឋភាពនេះញ៉ាំងឱ្យគេមើលឃើញថា លោកយាយអាយុ ៨២ឆ្នាំរូបនេះ ជរា ត្រៀមខ្លួនធ្វើដំណើរជីវិតលាចាកលោកទៅហើយនោះ មើលទៅផ្ទុយពីគោលការណ៍មនុស្សធម៌ និងផ្ទៃរឿងទាំងមូលមានវិសមតិសង្ស័យ តុលាការកំពូលក្រោយទទួលបានបណ្ដឹងសើរើ និងពិនិត្យសំណុំរឿង អង្គហេតុ អង្គច្បាប់ ភស្តុតាងនានា ក៏បង្អង់ការអនុវត្តនីតិវិធីទោសទណ្ឌ សម្រេចដោះលែងលោកយាយឱ្យស្ថិតនៅក្រៅឃុំវិញ គឺព្យួរការអនុវត្តទោស ហើយសំណុំរឿងនៃគ្រួសារលោកយាយ និងរូបលោកយាយផ្ទាល់ ត្រូវបង្គាប់ឱ្យជម្រះសាឡើងវិញ។
បើតាមការពិនិត្យមើលសំណុំរឿង និងសាលក្រមព្រហ្មទណ្ឌ លេខ៣០ ” ខ ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ បានចោទប្រកាន់ទៅលើក្រុមគ្រួសារលោកយាយ និងរូបលោកយាយផ្ទាល់ចំនួន ៣នាក់ គឺ : ១- ឈ្មោះ ជុំ រុំ ភេទប្រុស , ២- ឈ្មោះ ទេព កុសល ភេទ (អ្នកទាំងពីរជាប្ដីប្រពន្ធនឹងគ្នា) , ៣- លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ពីបទ ” ធ្វើឱ្យខូចខាតដោយចេតនា និងធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ ” ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា ៤១០ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ។ តុលាការខេត្តតាកែវ បានសម្រេចដាក់ពន្ធនាគារកំណត់រយៈពេល ៨ខែ ក្នុងម្នាក់ៗ និងបង្គាប់ឱ្យអ្នកទាំង៣ នៃគ្រួសារនេះ រួមគ្នាសងសំណងជំងឺចិត្តចំនួន ៣លានរៀល ដល់ដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះ វឿន ជា ដោយក្នុងម្នាក់ៗ ត្រូវទទួលបន្ទុកចំនួន ១លានរៀល។
យោងតាមពាក្យបណ្ដឹងសើរើទៅតុលាការកំពូលរបស់ចុងចម្លើយ (អ្នកចាញ់ក្ដី) , សំណុំរឿងព្រហ្មទណ្ឌនៃបណ្ដឹងសើរើ លេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូល, ភាគីចុងចម្លើយបានរៀបរាប់សាទុក្ខ ឱ្យដឹងថា សាលាដំបូងខេត្តតាកែវ បានចេញសាលក្រមកំបាំងមុខ លេខ ៣០ ” ខ ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចផ្ដន្ទាទោសក្រុមគ្រួសារយើងខ្ញុំទាំង៣នាក់ ដោយរូបយើងខ្ញុំមិនដែលបានទទួលដីកាកោះហៅពីតុលាការតាំងពីដំណាក់កាលព្រះរាជអាជ្ញា ដំណាក់កាលស៊ើបសួរ ដំណាក់កាលជំនុំជម្រះ, ហើយក៏មិនបានទទួលដំណឹងអំពីសាលក្រមព្រហ្មទណ្ឌកំបាំងមុខ លេខ ៣០ ” ខ ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវនេះដែរ។
ស្រាប់តែនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខ្ញុំបាទឈ្មោះ ជុំ រុំ និងប្រពន្ធឈ្មោះ ទេព កុសល ត្រូវបានប៉ូលិសចុះមកចាប់ខ្លួន ដោយមិនបានបង្ហាញដីកាណាមួយឡើយ និងបានបញ្ជូនខ្ញុំបាទ និងប្រពន្ធឈ្មោះទេព កុសល ទៅឃុំខ្លួននៅព័ន្ធនាគារខេត្តតាកែវតែម្ដង។ ចំណែកម្ដាយរបស់ខ្ញុំ ឈ្មោះ ជុំ យ៉េន អាយុ៨២ឆ្នាំ កាលនោះ មិនត្រូវបានចាប់ខ្លួនឡើយ ទើបតែថ្មីៗនេះ ត្រូវប៉ូលិសចុះមកចាប់ខ្លួន នាំយកទៅដាក់គុកខេត្តតាកែវតែម្ដង។ នេះគឺជារឿងអយុត្តិធម៌សម្រាប់ពួកយើងខ្ញុំខ្លាំងណាស់ ដោយហេតុថា យើងខ្ញុំមិនដឹងអំពីអង្គហេត្តណាមួយ និងភស្តុតាងក្នុងការចោទប្រកាន់ពួកយើងខ្ញុំឡើយ ហើយពួកយើងខ្ញុំទាំងអស់គ្នាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ម្យ៉ាងវិញទៀត យើងខ្ញុំមានសាក្សី និងភស្តតាងនានាដើម្បីបញ្ជាក់ជូនតុលាការធ្វើការវិនិច្ឆ័យឡើងវិញ។
ដោយឡែកសម្រាប់តុលាការកំពូលវិញ ក្រោយពិបាកស្ដាប់របាយការណ៍របស់ចៅក្រមរបាយការណ៍, ក្រោយពីបានពិនិត្យសេចក្ដីសន្និដ្ឋានរបស់តំណាងមហាអយ្យការអមតុលាការកំពូល, ក្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ តុលាការកំពូលយល់ឃើញថា ÷
១- សភាពព្រហ្មទណ្ឌនៃតុលាការកំពូល មានសមត្ថកិច្ចពិនិត្យពិចារណាលើបណ្ដឹងសើរើ លេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ទណ្ឌិត : ១- ឈ្មោះ ជុំ រុំ ភេទប្រុស , ២- ឈ្មោះ ទេព កុសល ភេទ (អ្នកទាំងពីរជាប្ដីប្រពន្ធនឹងគ្នា) , ៣- លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៤៣ និង មាត្រា ៤៤៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
២- សាលក្រមលេខ លេខ ៣០ ” ខ ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចប្រកាសទោសលើទណ្ឌិត ឈ្មោះ ជុំ រុំ ភេទប្រុស , ឈ្មោះ ទេព កុសល ភេទ (អ្នកទាំងពីរជាប្ដីប្រពន្ធនឹងគ្នា) , លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ពីបទ ” ធ្វើឱ្យខូចខាតដោយចេតនា និងធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ ” តាមបញ្ញត្តិ មាត្រា ៤១០ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌនោះ គឺក្នុងអង្គហេតុចោទប្រកាន់រឿងក្ដី នេះឃើញថា សាលក្រមនេះ មិនមានលើកបង្ហាញក្នុងសំអាងហេតុអំពីធាតុផ្សំនៃអំពើប្រព្រឹត្តរបស់ទណ្ឌិតទាំង៣រូបឡើយ ដែលនាំឱ្យសង្ស័យលើពិរុទ្ធភាពនៃទណ្ឌិតឈ្មោះ ជុំ រុំ ភេទប្រុស , ឈ្មោះ ទេព កុសល ភេទ (អ្នកទាំងពីរជាប្ដីប្រពន្ធនឹងគ្នា) , លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ត្រូវនឹងមូលហេតុនៃការបើកការសើរើ តាមចំណុចទី៤ នៃមាត្រា ៤៤៥ (ករណីបើកការសើរើរឿងក្ដី) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
៣- ទណ្ឌិតឈ្មោះ ជុំ យ៉េន ភេទស្រី អាយុ៨២ឆ្នាំ មានវ័យចាស់ជរា, ហេតុនេះ តាមគោលការណ៍មនុស្សធម៌ គប្បីសភាព្រហ្មទណ្ឌនៃតុលាការកំពូល ព្យួរការអនុវត្តទោសចំពោះទណ្ឌិតឈ្មោះនេះ តាមបញ្ញត្តិមាត្រា ៤៤៩ (សេចក្ដីសម្រេចបង្អង់ការអនុវត្តទោស) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ហេតុដូច្នេះ តុលាការកំពូលសម្រេច ÷
១- ទទួលបណ្ដឹងសើរើ លេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូល ទៅសភាពេញអង្គនៃតុលាការកំពូលជាសមត្ថកិច្ច។
២- ព្យួរការអនុវត្តទោសលើទណ្ឌិតឈ្មោះ ជុំ យ៉េន ភេទស្រី អាយុ៨២ឆ្នាំ ដែលមានក្នុងសាលក្រម លេខ ៣០ ” ខ ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ, (នេះបើយោងដីកាសម្រេចរបស់សភាព្រហ្មទណ្ឌតុលាការកំពូល លេខ ៣៩ XVI ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤)។
ពេលនេះ លោកយាយ ជុំ យ៉េន ត្រូវបាននាំចេញពីពន្ធនាគារមកកាន់លំនៅឋានវិញហើយ៕ ពិសិដ្ឋ CEN