ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះសម្របសម្រួលស្វែងរកដំណោះស្រាយ ពាក់ព័ន្ធករណីគម្រោង ភូមិមរតក មានទីតាំងស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ប្រកាសជូនសាធារណជនជ្រាបថា ក្រសួង បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ពាក់ព័ន្ធករណីគម្រោង ភូមិមរតក មានទីតាំងស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួមយ៉ាងសកម្មពី សំណាក់អាជ្ញាធរខេត្តស្វាយរៀង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង តំណាងក្រុមហ៊ុនភូមិមរតក និងភាគីពាក់ព័ន្ធ។
ជាលទ្ធផល ក្រសួង ដ.ន.ស. បានដាក់ចេញនូវគោលការណ៍មួយចំនួនដូចខាងក្រោម៖ ១. អតិថិជនដែលបង់ប្រាក់តាមដំណាក់កាល ឬបង់រំលោះប្រចាំខែ ត្រូវផ្អាកការបង់ប្រាក់ចូលក្រុមហ៊ុន គម្រោង ភូមិមរតក ដែលស្ថិតនៅទីតាំងខាងលើ ជាបណ្តោះអាសន្ន និងរង់ចាំការជូនដំណឹងជាថ្មីពីក្រសួង ដ.ន.ស.។
២. អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូតិ៍គ្រប់ចំនួន ១០០% និងអតិថិជនដែលកំពុងបង់ប្រាក់ រំលោះប្រចាំខែ នៅក្នុងគម្រោង ភូមិមរតក ដែលស្ថិតនៅទីតាំងខាងលើ ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងការលក់ទិញ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង តាមបែបបទ និងនីតិវិធីជាធរមាន នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនូវឯកសារពាកព័ន្ធដូចក្នុងសេចក្តីជូនដំណឹង។