កាសែត South China Morning Post ថ្ងៃទី២៣/១១ បានចុះផ្សាយព័ត៌មានថា តុលាការកំពូលប្រទេសចិនបានបន្តរក្សាសាលក្រមដាក់ទោសជាប់ពន្ធ១ឆ្នាំ បុរសត្រកូលChu ដោយសារទង្វើលបលួចដាក់អ័រម៉ូនបុរសទៅក្នុងអាហារ និងភេសជ្ជៈរបស់នារីដែលធ្វើការជាមួយគ្នា។ ស្ថាប័នស៊ើបអង្កេតបានសន្និដ្ឋានថា បុរសត្រកូល Chu ពិតជាបានលួចដាក់សារធាតុរំញោចចម្រុះ methyltestosterone។ ហើយតុលាការដំបូង កាលពីខែ ៥ បានប្រកាសទោសដាក់ពន្ធនាគារ១ឆ្នាំដល់បុរសត្រកូល Chu ដោយចោទប្រកាន់ថា ចេតនាបង្កស្នាមរបួស។ បុរសត្រកូល Chu បានប្តឹងឧទ្ធរណ៍ ប៉ុន្តែត្រូវបានតុលាការកំពូលប្រចាំក្រុងចេងឌូ ខេត្តស៊ឺជាំង បានបដិសេធ ហើយរក្សាសាលក្រមសាលាដំបូងដដែល។
ជនដៃដល់បានយកអ័រម៉ូនបុរសដាក់ចូលក្នុងចំណីអាហារ ភេសជ្ជៈរបស់ជនរងគ្រោះក្នុងអំឡុងពេល ៦ខែ។
រីឯជនល្មើសត្រកូល Chu បាននិយាយថា គេគ្រាន់តែចង់លេងសើច ហើយស្មានថា វាជា Vitamin ធម្មតា។ ប៉ុន្តែជនរងគ្រោះវិញនិយាយថា នេះជាទង្វើសងសឹក ប៉ុន្តែពុំប្រាប់លំអិតពីទំនាស់រវាងអ្នកទាំង២ ។
ជនរងគ្រោះពុំមានអារម្មណ៍ពុំប្រក្រតីកាលពីចុងឆ្នាំទៅមិញបានសម្គាល់ឃើញលើរាងកាយរបស់ខ្លួនមានដុះរោមច្រើនកន្លែង សំឡេងក៏គ្រលៗ ហើយបាត់រដូវ។ អ័រម៉ូនក៏បានធ្វើឲ្យជនរងគ្រោះរងរបួសនៅថ្លើមផងដែរ។
វេលាក្រោយមកអ្នករួមអាជីពម្នាក់ផ្សេងទៀតបានផ្ញើសាលួចប្រាប់ថា ត្រកូលChu បានលួចដាក់អ័រម៉ូនទៅក្នុងអាហារ និងភេសជ្ជៈអំឡុងពេល៦ខែមកហើយ។ ការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត បង្ហាញថាជនរងគ្រោះមានអ័រម៉ូនប្រុសឡើងខ្ពស់យ៉ាងចម្លែគ។
ករណីនេះក៏ត្រូវបានរាយការណ៍កាន់ស្ថាប័នមានសមត្ថកិច្ច និងប៉ូលិស ហើយតាមរយៈការត្រួតពិនិត្យកាមេរ៉ាសន្តិសុខ ត្រកូលជូលែងមានការប្រកែកប្រណាំងអ្វីទៀត៕ សូយន