ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសម្រេចសមិទ្ធិផលថ្មីមួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាព
ផលិតទឹកស្អាត ៦.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រថ្មីនេះនឹងពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣.០០០គ្រួសារ នៅក្នុង១០ភូមិ នៃខណ្ឌកំបូល រាជធានីភ្នំពេញ។
ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមគម្រោងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃរោងចក្រផលិតទឹកស្អាតនេះ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹកជាអាទិភាពគន្លឹះទីបី។ ឯកឧត្តមបានលើកឡើងថា៖ “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស”៕រក្សាសិទ្ធដោយ៖សុទ្ធលី

















