ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) លោកបណ្ឌិត Seetharama Shetty THOMBATHU និងសហការី រួមជាមួយតំណាងពីសហភាពអឺរ៉ុប EU និងតំណាងរដ្ឋបាលជលផល FiA ដើម្បីត្រៀមរៀបចំទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានជាលើកទី៣ ទៅកាន់សហគ្រាសកែច្នៃផលិតផលជលផល (ប្រហុក និងម៉្សៅប្រហុក) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។
នៅក្នុងកិច្ចប្រជុំ ដែលធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ UNIDO សហភាពអឺរ៉ុប EU និងរដ្ឋបាលជលផល ចំពោះកិច្ចសហការជាមួយក្រសួង ដើម្បីដឹកនាំអ្នកសារព័ត៌មាន៤១រូប មកពី២៣ស្ថាប័នសារព័ត៌មាន រួមជាមួយអង្កការស្ថាប័នពាក់ព័ន្ធសរុបប្រមាណ៧០រូប ចុះទៅរោងចក្រផលិត និងកែច្នៃប្រហុកម៉្សៅ និងសហគ្រាសផ្គត់ផ្គង់ប្រហុកGI (ម៉ាកសម្គាល់ភូមិសាស្រ្ត) ដែលមានវិញ្ញាបនបត្រ CQS។
លោកជំទាវបានគូសបញ្ជាក់ថា កម្មវិធីនេះគឺជាឱកាសសម្រាប់អ្នកសារព័ត៌មានបានចុះជួបផ្ទាល់ ផ្តិតរូបភាពពីខ្សែច្រវាក់ផលិតកម្មកែច្នៃប្រហុក បង្កើនការផ្សព្វផ្សាយដល់សាធារណជន អំពីផលិតផលរបស់ខ្មែរ ដែលមានគុណភាព សុបត្ថិភាព និងប្រកបដោយស្តង់ដារខ្ពស់។
សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣នេះ ជាពេលវេលា និងឱកាសចុងក្រោយ ដើម្បីបង្ហាញអំពីសមិទិ្ធផលរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលហិរញ្ញប្បទានពីសហភាពអឺរុប នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥។ នេះគឺជាលើកទី៣ហើយ ដែល ក្រសួង និងអង្គការ UNIDO សហការរៀបចំ ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដោយដំណើរទស្សនកិច្ចលើកទី១ រៀបចំធ្វើកាលពី ខែកញ្ញា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចលើកទី២ រៀបចំធ្វើកាលពីខែកក្កដា ឆ្នាំ២០២៤ បាន ទទួលជោគជ័យគួរជាទីមោទនៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











