ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណងសម្រាប់កម្មវិធីចំនួនប្រាំ។ បញ្ចូលទាំងកម្មវិធីមួយបន្ថែមទៀតដែលបានចុះហត្ថលេខាពីមុននេះ ការវិនិយោគសរុបរបស់ ADB ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា មានតម្លៃសរុប ៤០៣ លានដុល្លារ ដោយផ្តោតលើការពង្រឹងវិស័យអប់រំមធ្យមសិក្សា, ការដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV), ការជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង, ការគាំទ្រការគ្រប់គ្រងធនធានទឹករួម និង ការពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះនៅក្នុងពិធីផ្លូវការមួយនៅរាជធានីភ្នំពេញ។
លោកស្រី Varma នាយិកា មានប្រសាសន៍ថា «ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ភាពជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨។ ពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និង ការអភិវឌ្ឍធនធានមនុស្ស គម្រោងទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង។ ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសអំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ADB នៅតែប្រកាន់ខ្ជាប់ នូវភាពជាដៃគូមិនងាករេរបស់ខ្លួនជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមានដែលជាអត្ថប្រយោជន៍ យូរ អង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។»
ប្រាក់កម្ចី ៩0 លានដុល្លារ (ដែលបានចុះហត្ថលេខាពីមុន) សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទ នឹងពង្រឹងនិងពង្រីក វិសាលភាព សេវាផ្គត់ផ្គង់ទឹកមាន សុវត្ថិភាព និង អនាម័យមូលដ្ឋាន ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨.000 គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន ៥0 ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។
គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស ដែលជា ប្រាក់កម្ចី ៨0 លានដុល្លារនឹងធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញសតវត្សទី ២១ ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី និង ការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ វានឹង បង្កើន ចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន ដើម្បីដោះស្រាយស្ថានភាពចង្អៀត ក្នុង ថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
ជំនួយឥតសំណងចំនួន ១0 លានដុល្លារសម្រាប់ គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រ នឹងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។វានឹងផ្តោតលើការពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័ន, ការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ, ធ្វើអោយប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះជាពិសេសនៅ តំបន់ជនបទ, និង ជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។
កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរការ (ជាកម្ចីផ្អែកលើគោលនយោបាយ ដែលមានទឹកប្រាក់ ៥0 លានដុល្លារ) សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ វាពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបាននូវកំណើនខ្ពស់ និងមាននិរន្តរភាព។
ដោយផ្តោតលើអាងទន្លេក្នុងខេត្តបាត់ដំបងនិងខេត្តពោធិសាត់ក្នុងអាងទន្លេសាប ប្រាក់កម្ចីចំនួន ៨៨ លានដុល្លារសម្រាប់គម្រោងគ្រប់គ្រងធនធានទឹករួម នឹងពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយការបន្ស៊ាំនឹងអាកាសធាតុនិងបរិស្ថានមេត្រី, ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយហានិភ័យទឹកជំនន់។
ចុងក្រោយ ការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលមានកម្ចីចំនួន ៨៥ លានដុល្លារ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការជញ្ជូនបែងចែកទឹក និងភាពធន់នឹងអាកាសធាតុនៃប្រព័ន្ធធារាសាស្ត្រចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ ព្រមទាំងចែករំលែកការអនុវត្តល្អៗជាមួយកសិករដើម្បីបង្កើន ភាពធន់នឹងអាកាសធាតុ និងប្រសិទ្ធភាពនៃការចែកចាយទឹកនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ គម្រោងនេះក៏នឹងគាំទ្រដល់ ការពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការនៃ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹករបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធានទឹកជាតិដែលពាក់ព័ន្ធ ព្រមទាំងការងាររៀបចំ និងរចនាសម្រាប់ការវិនិយោគនាពេលអនាគតលើការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ៖ សុទ្ធលី




