ភ្នំពេញ ៖ ក្នុងពិធីបើកវេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ទេសចរមូស្លីម នឹងក្លាយជាទំព័រថ្មីមួយទៀតក្នុងការជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់បណ្តាប្រទេសឥស្លាម ជាពិសេសចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍រវាងកម្ពុជា និងបណ្តាប្រទេសឥស្លាម។
វេទិកាទេសចរមូស្លីម ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរមូស្លីម» ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញនោះ មានការចូលរួមពី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសឥស្លាមប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលរងរាជធានី-ខេត្ត សរុបចំនួន ២៧៧នាក់។ វេទិកាទេសចរមូស្លីមនេះ ធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព ទស្សនវិស័យ ការចែករំលែកបទពិសោធ ការត្រៀមលក្ខណៈសម្បត្តិ និងការដាក់ចេញនូវអនុសាសន៍នានាក្នុងការជំរុញកំណើនទេសចរមូស្លីមមកកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ភ្ញៀវទេសចរមូស្លីម មានតម្រូវការខុសពីទេសចរដទៃទៀត ដោយទាមទារឱ្យវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ត្រូវយកចិត្តទុកដាក់ និងរួមគ្នាគិតគូរអំពីតម្រូវការទាំងអស់នេះ រួមមាន : ម្ហូបអាហារហាឡាល បន្ទប់ ឬកន្លែងថ្វាយបង្គំ សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចមួយចំនួនទៀតនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា គឺត្រូវប្រើប្រាស់ជារបៀបរបបមូស្លីម។ ការណ៍នេះ ទាមទារឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ត្រូវមានបុរេសកម្ម អន្តរសកម្ម និងសកម្ម ដើម្បីទទួលបដិសណ្ឋារកិច្ចឱ្យបានល្អប្រសើរស្របនឹងកិត្តិនាមកម្ពុជាថា «កម្ពុជាជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ និងទទួលស្វាគមន៍គ្រប់ទេសចរទាំងអស់»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកបង្ហាញថា ផែនការអភិវឌ្ឍន៍ទេសចរមូស្លីម ផ្តោតលើផែនការយុទ្ធសាស្រ្ត ចំនួន ៥ រួមមាន ÷
១-ពង្រឹង និងពង្រីកគុណភាពផលិតផល និងសេវាកម្មទេសចរមូស្លីម,
២-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើរ និងការតភ្ជាប់,
៣-បង្កើនការផ្សព្វផ្សាយទៅកាន់គោលដៅទីផ្សារទេសចរណ៍មូស្លីម,
៤-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ, និង
៥-ការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជ្រាបការយល់ដឹងដល់វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍៕ ពិសិដ្ឋ CEN




















