រាជធានីភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨”
កិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងតំណាងក្រសួង ស្ថាប័ន ជាច្រើនទៀត។
សូមជម្រាបជូនថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងត្រូវបានបង្កើតឡើងជាផ្លូវការ ដើម្បីរៀបចំកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ ក្នុងគោលដៅកែប្រែមុខមាត់ខេត្តទាំងបួននេះឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម, និងទេសចរណ៍, ជំរុញការទាក់ទាញវិនិយោគឯកជន ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដើម្បីតភ្ជាប់ខេត្តទាំងបួន និងជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន។ រក្សាសិទ្ធដោយ៖សុទ្ធលី















