Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ថ្លែងសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល»

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល»​ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំដោយក្រសួងព័ត៌មាន និងអង្គការ UNESCO ដែលប្រារព្ធធ្វើនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បើយើងនិយាយអំពិលទ្ធិប្រជាធិបតេយ្យ និយាយអំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ក៏យើងត្រូវនិយាយអំពីនីតិរដ្ឋ ដើម្បីការពារឱ្យបាននូវសេរីភាព ប្រជាធិបតេយ្យ និងទប់ស្កាត់មិនឱ្យប្រជាធិបតេយ្យ ទៅជាអាណាធិបតេយ្យនិងទប់ស្កាត់ការជ្រកក្រោមឆត្រនៃសេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃបំភ្លើស បង្កើតការញុះញង់រើសអើង បង្កអសន្តិសុខ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយទិសដៅចុងក្រោយ គឺពួកគេប្រើប្រាស់ព័ត៌មានដើម្បីបង្កចលាចល។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សន្តិសុខសារព័ត៌មាន គឺនិយាយអំពីការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ខណៈបរិបទបច្ចុប្បន្ននេះ ជាបរិបទនៃព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានមិនត្រឹមត្រូវដែលត្រូវបានបង្កើតឡើងដើម្បីជាចេតនាអាក្រក់ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នបំផុត។
ជាក់ស្ដែងក្រុមត្រួតពិនិត្យតាមដានប្រឆាំងព័ត៌មានក្លែងក្លាយ ជារៀងរាល់ថ្ងៃបានរកឃើញថា យ៉ាងហោចណាស់មានព័ត៌មានក្លែងក្លាយជាង១០ដែលពាក់ព័ន្ធអាយុជីវិតរបស់ជាតិ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកយក ឧទាហរណ៍កន្លងទៅនេះ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីបំភ្លើសបំភ្លៃ ហើយធ្វើឱ្យមានការព្រួយបារម្ភនិងការសង្ស័យរបស់ប្រជាពលរដ្ឋនៅពេលដែលរឿងនោះមិនមែនជារឿងពិតសោះ គឺរឿង CLV-DTA ដែលឈានដល់កម្រិតមួយដែលយើងអាចកត់សម្គាល់បានថា វាជាចរិតនៃការប្រើប្រាស់ព័ត៌មានបំពុលសង្គម ដើម្បីផ្ដួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌។
បើតាម ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន គ្រាន់តែត្រឹមព្រឹកថ្ងៃទី១៩ធ្នូនេះ មិនតិចជាង២០ព័ត៌មានទេ ដែលក្រុមជនមួយចំនួនបង្កើតឡើងដើម្បីញុះញង់ ព្យាយាមដុតពាក់ព័ន្ធស្ថានភាពកោះគុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី