ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកានិពន្ធនាយកសារព័ត៌មាន លើកទី២១ (២១ ធ្នូ ២០០៣ – ២១ ធ្នូ ២០២៤) ក្រោមប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
លោកចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានសរុប ចំនួន១៥២នាក់មកពី១០២អង្គភាពបានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២១ ដើម្បីជជែកពិភាក្សានិងអនុម័ត សេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដោយបានអនុម័ត១១ចំណុច ។
ការលើកយកប្រធានបទនេះមកពិភាក្សា និងអនុម័តពីព្រោះក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារ តម្លៃសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តរបស់មហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅ តែជាកង្វល់ ខណៈដែលវ.ន.ស.ក បានសង្កេតឃើញថាការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែកើតមាន និងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។
ក្រោយពីបានពិភាក្សាយ៉ាងផុលផុស វ.ន.ស.កបានអនុម័តសេចក្តីថ្លែងការណ៍រួម១១ចំណុច ដែលមានខ្លឹមសារដូចខាងក្រោម ៖
១-វ.ន.ស.ក. យល់ឃើញថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន នៅ តែមានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងខ្លាំងនៃសារព័ត៌មានឌីជីថល។
២- វ.ន.ស.ក. យល់ឃើញថា ការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានគឺជាអាទិភាពចម្បងខណៈ ដែលស្ថាប័នសារព័ត៌មានក៏ដូចជាអ្នកសារព័ត៌មានមានការកើនឡើងជាបន្តបន្ទាប់ ការផ្សព្វផ្សាយកាន់តែ ទូលាយ និងរហ័សដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាក្នុងពេលដែលអ្នកសារព័ត៌មានមួយចំនួននៅ តែមិនទាន់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រម សីលធម៌ងាយនឹងកើតឡើង។
៣- វ.ន.ស.ក. អំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូល បំពេញការងារក្នុងវិស័យសារព័ត៌មាន ត្រូវតែយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុង វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ បើសិនជាពួកគេមានបំណងក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន។
៤- វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាន ឬស្ថាប័នពាក់ព័ន្ធដែលបើកវគ្គបណ្តុះបណ្តាលគប្បី បញ្ចូលចំណុចដែលចែងពីសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិក្នងកម្មវិធីបណ្តុះបណ្តាលទាំងនោះ។
៥- វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាននានាចូលរួមផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយអំពីច្បាប់ បទប្បញ្ញត្តិនានាពាក់ព័ន្ធសិទ្ធិបញ្ចេញមតិ និងផលប៉ះពាល់ជាអវិជ្ជមានដែលអាចកើតឡើងដោយសារតែការ បញ្ចេញមតិ។
៦- វ.ន.ស.ក. ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត វ.ន.ស.ក. អំពាវនាវឱ្យ បង្កើតវេទិកាអ្នកដឹកនាំសារព័ត៌មាន និងអ្នកនាំពាក្យដើម្បីជួបគ្នាជាទៀងទាត់រកដំណោះស្រាយរួមគ្នា ដើម្បី ធានាឱ្យមានលំហូរព័ត៌មានសេរី។ ទន្ទឹមគ្នានេះ វ.ន.ស.ក. ក៏សូមអំពាវនាវដល់ស្ថាប័នរដ្ឋ និងអាជ្ញាធរទាំង អស់ចូលរួមឆ្លើយតប ឬបកស្រាយទាន់ពេលវេលានូវព័ត៌មាននានា ក៏ដូចជាព័ត៌មានក្លែងក្លាយដែលនាំឲ្យ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វប្បធម៌ប្រពៃណី និងសង្គមជាតិ។
៧-វ.ន.ស.ក. យល់ឃើញថា ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ការបង្កើត ក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការចាំបាច់ដែលក្លិបអ្នកកាសែតកម្ពុជា សមាគមអ្នក សារព័ត៌មាន និងអង្គភាពសារព័ត៌មាននានា ស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួង ព័ត៌មានដើម្បីបង្កើតឲ្យបានក្រុមប្រឹក្សាដែលមានសារសំខាន់នេះ។
៨- វ.ន.ស.ក. កត់សម្គាល់ឃើញថា មកដល់ពេលនេះសារព័ត៌មានបាន និងកំពុងដើរតួនាទីកាន់ តែសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស។ វ.ន.ស.ក. ស្នើស្ថាប័នសារព័ត៌មាន បន្តផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិអំពីសភាពការណ៍ពិតនៅកម្ពុជា និងពាំនាំព័ត៌មាន ពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
៩- វ.ន.ស.ក. យល់ឃើញថា ក្លិបអ្នកកាសែតកម្ពុជា ក៏ដូចជាសមាគមអ្នកសារព័ត៌មានផ្សេងទៀត មានតួនាទីសំខាន់ក្នុងការធ្វើសកម្មភាពជួយទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ តាមរយៈការលើកយក ប្រធានបទនេះ មកពិភាក្សាជាញឹកញាប់ដើម្បីឱ្យអ្នកសារព័ត៌មាន ក៏ដូចជាមហាជនទូទៅទទួលបានព័ត៌មានគ្រប់គ្រាន់ និងពិតប្រាកដ។
១០- វ.ន.ស.ក. ស្នើដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មាន និងស្នើដល់ស្ថាប័នតុលាការ ឱ្យអនុវត្តច្បាប់ស្តីរបបសារព័ត៌មាន ជាជាងយកច្បាប់ផ្សេងមកអនុវត្តលើអ្នកសារព័ត៌មាន។
១១- វ.ន.ស.ក. សូមគាំទ្រ និងគោរពថ្លែងអំណរគុណគោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែផ្តល់តម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដោយបានយកឱកាសនេះចេញសារលិខិតផ្ញើជូន ចាងហ្វាង និពន្ធនាយក ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី