Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី សូមលើកទឹកចិត្តឱ្យកូនៗទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើអំពើល្អ និងដើរតាមគន្លងធម៌ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី នាពេលអនាគត

ភ្នំពេញ ៖ មិនខុសពីឆ្នាំមុនៗដែរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ពុំដែលភ្លេចឡើយ ក្នុងការរៀបចំកម្មវិធីសប្បាយៗជាមួយកូន ៗនៅអង្គការផ្ទះបាយកុមារ ដោយនាំមកនូវកាដូសម្រាប់ថ្ងៃបុណ្យណូអ៊ែល ដែលបានផ្តល់នូវភាពកក់ក្តៅ និងក្តីស្រលាញ់ដល់កូនៗទាំងអស់គ្នា។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានធ្វើជាគម្រូក្នុងការបណ្តុះស្មារតី ឆន្ទៈ និងការលះបង់ជូនសង្គមជាតិ តាមរយៈបេសកកម្មរបស់ផ្ទះបាយកុមារព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរជននានា ដែលតែងតែជួយគាំទ្រ និង បន្តនិរន្តរភាពដល់អង្គការផ្ទះបាយកុមារ ។ ជាមួយគ្នានោះ ក្នុងនាមជាប៉ា ឯកឧត្តមបានជូនពរ និងលើកទឹកចិត្តកូនៗគ្រប់រូបឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើអំពើល្អ និងដើរតាមគន្លងធម៌ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត។
ថ្ងៃនេះប៉ាបានមកជួបកូនៗសារជាថ្មី ដើម្បីអបអរសាទរបុណ្យណូអែល ដូចដែលយើងបានរៀបចំជារៀងរាល់ឆ្នាំ។ ស្នាមញញឹមរបស់កូនៗ ដែលបានផ្តល់ឱ្យមកប៉ាគឺជាកម្លាំងចិត្តបន្ថែមសម្រាប់ប៉ា។ ប៉ាពិតជារំភើប នៅពេលដែលបានឮ «កូនស្រលាញ់ប៉ាម៉ានី!» ពីកូនៗ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា “ប៉ាសូមលើកទឹកចិត្តឱ្យកូនៗទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើអំពើល្អ និងដើរតាមគន្លងធម៌ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត។ កូនៗមានប៉ាម៉ានីដែលមិនទៅណាចោលកូនៗទេ។ ប៉ា និងពូមីង ក្រុមការងារនឹងនៅតែបន្តរួមចំណែកជាមួយ ផ្ទះបាយកុមារ ដើម្បីផ្តល់នូវការថែទាំ យកចិត្តទុកដាក់ និងក្តីស្រលាញ់ឱ្យកូនៗទាំងអស់គ្រប់គ្នា។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណដល់ លោកពូ ង៉ូវ ឈីវ ដែលបានបន្តបេសកកម្មមើលថែកុមារទាំងអស់ និងសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារ ស.ស.យ.ក. សប្បុរសជននានាដែលបានចូលរួមជួយដល់អង្គការផ្ទះបាយកុមារ។ នេះជាការរួមចំណែកបន្តិចបន្តួចពីពួកយើង តែក្តីស្រលាញ់ និងភាពកក់ក្តៅដែលកូនៗទទួលបានពីនេះ គឺមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ពួកគេ”។

សូមជម្រាបជូនថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងសប្បុរសជននានា តែងរៀបចំកម្មវិធីនេះជាមួយប្អូនៗដែលទទួលការថែទាំរបស់អង្គការផ្ទះបាយកុមារ ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ក្តីស្រលាញ់ និងការយកចិត្តទុកដាក់ដល់កុមារដែលមានជីវភាពលំបាក និងខ្វះខាតឱ្យពួកគេបានទទួលភាពសប្បាយរីករាយក្នុងកុមារភាពរបស់ខ្លួន។ រក្សាសិទ្ធដោយ៖សុទ្ធលី

×