Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ចាំបាច់បច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ ឆ្នាំ

ភ្នំពេញ ៖ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច) ដែលប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបិទបញ្ចប់ ក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

ឯកឧត្តម ទេព នីថា បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង គោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាង ប.ន.ព.ច ត្រឡប់មក គ.ជ.ប វិញ និងប្រមូលយោបល់បន្ថែមទៀត ដើម្បីកែលម្អបទបញ្ជា និងនីតិវិធីនេះ ឱ្យកាន់តែមានលក្ខណៈពេញលេញ ងាយយល់ និងងាយអនុវត្ត ឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍថ្មីៗ ព្រមទាំងមានអនុលោមភាពតាមច្បាប់ជាធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យ សម្រេចអនុម័ត ឱ្យប្រើជាផ្លូវការនាឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តមបានបន្តថា ការរៀបចំ ប.ន.ព.ច ថ្មីនេះ មានគោលបំណងធ្វើឱ្យកាន់តែមានភាពប្រសើរ ឡើងថែមទៀតទាំងទម្រង់ ទាំងខ្លឹមសារ ដើម្បីឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍនៃស្ថានភាពសង្គម សេដ្ឋកិច្ច ព្រមទាំងគំរូទម្រង់ស្តង់ដា នៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានា បាននូវសង្គតិភាព និងមានលក្ខណៈពេញលេញ។ ទន្ទឹមនឹងនេះ បញ្ជីបោះឆ្នោតបច្ចុប្បន្នដែលត្រូវ បានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាំងពីឆ្នាំ២០១៦ បើគិតដល់ថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នឹងមានអាយុកាល ១០ (ដប់) ឆ្នាំ ពេលនេះ ភិនភាគពិតរបស់អ្នកបោះឆ្នោតម្នាក់ៗក៏បានប្រែប្រួល ដែលនាំឱ្យខុស (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតផងដែរ។ ហេតុនេះ គ.ជ.ប ចាំបាច់បច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះ បោះឆ្នោតហើយយ៉ាងតិច ១០ (ដប់) ឆ្នាំ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ។

កិច្ចប្រជុំពិគ្រោះយោបល់រយៈពេលពេញមួយព្រឹកនេះ មានការពិភាក្សា ការលើកជាសំណួរ និង ការបកស្រាយពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងភាគីពាក់ព័ន្ធយ៉ាង ផុលផុស។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា បើទោះបីជា រាល់មតិយោបល់ដែលភាគីពាក់ព័ន្ធបានលើកឡើង ត្រូវបានគណៈកម្មការសម្របសម្រួលធ្វើការបំភ្លឺ ពន្យល់ ឬ/និងបកស្រាយជូនក្នុងកម្រិតសមត្ថកិច្ចរបស់ខ្លួនរួចហើយយ៉ាងណាក្តី អគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងធ្វើការបូកសរុបរាល់មតិយោបល់ទាំងយោបល់ជាលាយលក្ខណ៍អក្សរ ទាំងយោបល់ ដែលបានលើកឡើងបន្ថែមនាកិច្ចប្រជុំព្រឹកនេះ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចចុងក្រោយ ក្នុងពេលដ៏ឆាប់ខាងមុខ។

សូមជម្រាបជូនថា កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីមន្ត្រី គ.ជ.ប និង តំណាងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតរួមមានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការ- ដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ គណបក្សនយោបាយ ចំនួន ៩ សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៧ និងអ្នកសារព័ត៌មាន ដែលមានអ្នកចូលរួមសរុបប្រមាណ ៨៤ នាក់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×