រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ “ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៤” ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ៥ ដែលបានអនុវត្តវិធីសាស្ត្រ ស៥ បានល្អប្រសើរ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ និងជំរុញចលនាបង្កើនផលិតភាពឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។”
តាមរយៈកម្មវិធីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានបំណងពង្រឹងសមត្ថភាពគ្រប់គ្រងផលិតកម្មរបស់សហគ្រាសធុនតូច មធ្យម និងធំ ព្រមទាំងអាជីវកម្មសិប្បកម្មប្រពៃណី ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកឧស្សាហកម្មរបស់ប្រទេសជាតិ។
កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មក ដោយជ្រើសរើសក្រុមហ៊ុនដែលឈានមុខគេក្នុងការអនុវត្តវិធីសាស្ត្រ ស៥៖ សម្រិតសម្រាំង, សណ្តាប់ធ្នាប់, ស្អាត, ស្តង់ដារ, ស្ថិរភាព។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ “ការអនុវត្តវិធីសាស្ត្រ «ស៥» នាំមកនូវផលប្រយោជន៍ជាច្រើន ដូចជាការសន្សំសំចៃ ការកាត់បន្ថយថ្លៃដើម ការបំពេញតម្រូវការអតិថិជន ការផ្គត់ផ្គង់ទំនិញទាន់ពេលវេលា ការពង្រឹងគុណភាពផលិតផល ការបង្កើនបរិមាណផលិតកម្ម ការបង្កើនផលិតភាព និងជាចុងក្រោយ ការបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន-សហគ្រាស។”
ឯកឧត្តមបានកោតសរសើរ និងអបអរដល់ក្រុមហ៊ុន-សហគ្រាសដែលបានឈ្នះពានរង្វាន់ឆ្នាំ២០២៤ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សេងទៀត រួមទាំងស្ថាប័នរដ្ឋ ចូលរួមអនុវត្តវិធីសាស្ត្រនេះ ដើម្បីលើកម្ពស់ផលិត
ភាព និងប្រសិទ្ធិភាពការងារ។
សម្រាប់កម្មវិធីឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចំនួន ១៩ ត្រូវបានវាយតម្លៃចំពោះការអនុវត្តវិធីសាស្ត្រ «ស៥» លើទិដ្ឋភាព ៦ រួមមាន៖ ការរៀបចំនីតិវិធី និងឯកសារសម្រាប់អនុវត្ត «ស៥», ការអនុវត្ត «ស៥» នៅតំបន់ការិយាល័យ, តំបន់ផលិតកម្ម, តំបន់ស្តុក, តំបន់ទូទៅ ដូចជាសាលប្រជុំ និងបន្ទប់សម្រាករបស់បុគ្គលិក, និងតំបន់បរិវេណជុំវិញរោងចក្រ។
ក្រុមហ៊ុនទាំង ៥ ដែលបានឈ្នះពានរង្វាន់សមិទ្ធផលផលិតភាព«ស៥» ឆ្នាំ២០២៤ រួមមាន៖១. ក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី។ ២. សិប្បកម្មផលិតទឹកត្រចៀកកាំ «ផ្ទះត្រចៀកកាំ»។ ៣. ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបប្លាយ។ ៤. អ៊ីឆេ ង៉ូវហេង ហ៊្វូដប្រដាក់សិន អូហ្វកំពត។ ៥. សហគ្រាស UNICA ៕ រក្សាសិទ្ធដោយ៖សុទ្ធលី